វៀតណាម៖ តារាម៉ូដែលម្នាក់ និងនារីៗ ៣នាក់ទៀត ត្រូវបានប៉ូលិសនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ របស់ក្រសួងសន្តិសុខសាធារណៈ បានធ្វើការឃាត់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ មួយកន្លែងស្ថិតនៅខណ្ឌទី១ ទីក្រុងហូជីមិញ ដែលពាក់ព័ន្ធនឹងបទជួយដូរផ្លូវភេទ ព្រមទាំងយកឈ្មោះតារាល្បីៗមកបោកប្រាស់ភ្ញៀវ ដើម្បីទទួលបានតម្លៃខ្លួនខ្ពស់ ។ នេះបើយោងតាមសារព័ត៌មានVN TODAY កាលពីពេលកន្លងទៅថ្មីៗនេះ ។
ប្រភពខាងលើដដែលនេះបានឲ្យដឹងថា ចំពោះតារាម៉ូដែលប្រុស និងជាឈ្មួញជួញដូរខាងលើឈ្មោះ Luc Trieu Vy អាយុ ២៧ឆ្នាំ មានទីលំនៅទីក្រុង ដាណាង មានមុខរបរជាតារាម៉ូដែល និងតែងតែចេញចូលក្រៅប្រទេស ស្គាល់អ្នកជំនួញធំៗ បានប្រើល្បិចដោយទាក់ទងនារីស្អាតៗ មានមុខមាត់ស្រដៀងតារាសម្ដែង តារាម៉ូដែល ក្នុងប្រទេសវៀតណាម ដើម្បីងាយស្រួលក្លែងអត្តសញ្ញាប័ណ្ណ (ID) យកឈ្មោះតារាទាំងនោះ មកបង្ហាញភ្ញៀវណាដែលហ៊ានចំណាយលុយច្រើន ។ ដោយឡែកនារីរូបស្រស់ចំនួន ៣នាក់ផ្សេងទៀត មិនត្រូវបានគេបង្ហាញឈ្មោះនោះឡើយ ប៉ុន្តែគេដឹងថានារីរូបស្រស់ទាំងនេះរស់នៅក្នុងជីវភាពយ៉ាងហឺហារបំផុតដោយប្រើប្រាស់នូវរថយន្តទំនើបៗ សម្ភារៈម៉ាកល្បីៗ អាផាតម៉ិនដ៏ល្អប្រណិតនៅទីក្រុងហូជីមិញថែមទៀតផង ។
បើតាមលោក Luc Trieu Vy បាននាំនារី៣នាក់ ទៅកាន់សណ្ឋាគារផ្កាយ៥ខាងលើ ដើម្បីណែនាំភ្ញៀវអ្នកជំនួញម្នាក់ បាននិយាយថា ពួកនាង២នាក់សុទ្ធតែជាបវរ កញ្ញាវៀតណាមដែលជាប់ជាបេក្ខភាពបវរកញ្ញាពិភពលោក ចំណែកម្នាក់ទៀតជាតារាសម្ដែង ។ មិនត្រឹមតែនិយាយទេ Luc Trieu Vy ក៏បានបង្ហាញអត្តសញ្ញាប័ណ្ណរបស់ពួកនាងទៅកាន់ភ្ញៀវដើម្បីធានាថាពិតប្រាកដ ប៉ុន្តែអត្តសញ្ញាណប័ណ្ណទាំងនោះត្រូវបានគេពិនិត្យថាក្លែងក្លាយ ។ បើទោះបីយ៉ាងណាក្តីបើតាមប្រភពមួយចំនួនបញ្ជាក់ថា ក្នុងចំណោមនារីទាំង៣នាក់នោះមានម្នាក់ជាតារាសម្ដែងពិតមែន តែ២នាក់ទៀត មិនមែនជាបេក្ខនារីវរកញ្ញាពិភពលោកឡើយ ៕