ហ្សាកាតា៖ រលកនៃព្យុះជំងឺកូវីដ-១៩កំពុងបក់បោកគ្របសង្កត់លើប្រទេសឥណ្ឌូនេស៊ីយ៉ាងគំហុក ដែលើធ្វើឲ្យប្រទេសនេះមានអត្រាឆ្លងកើនឡើងខ្ពស់បំផុតមិនធ្លាប់មានកាលពីពេលកន្លងមក ដែលបញ្ហានេះធ្វើឲ្យអាជ្ញាធរកំពុងជួបនូវក្តីកង្វល់ខ្លាំង និងព្រួយបារម្ភនឹងស្ថានភាពនេះផងដែរ ។
បើយោងតាមអាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ី នៅយប់ថ្ងៃសុក្រទី១៨ ខែមិថុនា ឆ្នាំ២០២១ម្សិលម៉ិញនេះបានប្រកាសអំពីរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ១២,៩៩០ករណី និងមានអ្នកស្លាប់បាត់បងជីវិតដោយសារជំងឺនេះចំនួន២៩០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីខែមករាមក ។
អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ី បានឲ្យដឹងថា ការកើនឡើងនូវករណីឆ្លង និងស្លាប់នេះត្រូវបានស្តីបន្ទោសទៅលើការធ្វើដំណើរក្នុងកំឡុងពេលវិស្សមកាល Eid al-Fitr កាលពីខែមុន ក៏ដូចជាការមកដល់នៃវីរុសបំប្លែងខ្លួនថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា ។ រហូតដល់ពេលនេះប្រទេសឥណ្ឌូនេស៊ីមានអ្នកឆ្លងសរុប ១,៩៦៣,២៦៦ករណី ក្នុងនោះ ៥៤,០៤៣នាក់ស្លាប់ និងជាសះស្បើយ ១,៧៧៩,១២៧នាក់ ៕