កីឡាជាតិ៖ ក្រុមជម្រើសជាតិកីឡាទោចក្រយានចំនួន៣នាក់ កីឡាករ គឹម ចាន់ធូ, សាន ណាម៉ា ,កីឡាករ សាន ណាម៉ាវ និងគ្រូបង្វឹកម្នាក់ លោក ខ្លូត ករណី បានចាកចេញមានមាតុភូមិកំណើត កាលពីល្ងាចថ្ងៃសៅរ៍ទី១២ ខែមិថុនា ឆ្នាំ២០២១ ឆ្ពោះទៅកាន់ទឹកដៅប្រទេសបារំាង ដើម្បី បន្តការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស នៅទីនោះរយៈពេល៣ខែ។
បើតាមលោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយានបានបញ្ជាក់ថា ក្រុមកីឡាករជម្រើសជាតិកម្ពុជា និងគ្រូបង្វឹកម្នាក់សរុប៤នាក់បានធ្វើដំណើរទៅដល់ប្រទេសបានបារំាងប្រដោយសុវត្ថិភាពហើយ កាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។ នេះជាឱកាសជាលើកដំបូង ដែលក្រុមជម្រើសជាតិកង់កម្ពុជាបានទៅហ្វឹកហាត់បង្កើនបច្ចេកទេសនៅតំបន់អឺរ៉ុប ដោយសារតែការជួយជ្រោមជ្រែង និងទទួលបានឧបត្ថម្ភទាំងស្រុងពីលោកស្រី ប៉ែន ស្រីមុំ ប្រធានសមាគមកីឡាប្រណាំងកង់កម្ពុជា (Cambodia Cycling Accademy-CCA) ដែលមានទីស្នាក់ការនៅប្រទេសបារាំងនិងកម្ពុជា ដោយសមាគមរបស់លោកស្រីនឹងជួយដល់ការស្នាក់នៅ ហូបចុក និងការធ្វើដំណើរទៅមកក្នុងការហ្វឹកហាត់ និងការប្រកួតដងស្រង់ងបច្ចេកទេសជាមួយក្រុមជំនាញកម្រិតខ្ពស់នៅបារំាង។
អគ្គលេខាធិការរូបនេះអះអាងទៀតថា ការហ្វឹកហាត់នៅក្រៅប្រទេសនេះត្រូវបានធ្វើឡើងក្រោមការជួយជ្រោមជ្រែងលើកទឹកចិត្តយ៉ាងខ្លាំងក្លាពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ដោយធ្វើយ៉ាងប្រឹងប្រែងជំរុញឲ្យគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីប្រណាំងកង់ទទួលបានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត សម្រាប់ការប្រកួតអន្តរជាតិ ជាពិសេសគឺការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ ២០២៣។ តាមការគ្រោងទុក នាពេលខាងមុខសហព័ន្ធនឹងបញ្ជូនកីឡាការិនី១ក្រុមទៀតចេញទៅហ្វឹកហាត់នៅក្រៅប្រទេសដែរ។
មុនពេលចេញដំណើរ លោក ខ្លូត ករណី គ្រូបង្វឹកកីឡាទោចក្រយានជម្រើសជាតិកម្ពុជា ដែលត្រូវដឹកនាំកីឡាករទាំង៣នាក់ទៅហ្វឹកហាត់នៅប្រទេសបានបារាំងជឿជាក់ថា ការហ្វឹកហាត់នៅប្រទេសអឺរ៉ុបជាលើកដំបូងរបស់កម្ពុជានេះនឹងជួយបង្កើនគុណភាពបច្ចេកទេសកីឡាករយើងកាន់តែល្អប្រសើរបន្ថែមទៀត ពីព្រោះថា យើងនឹងមានការប្រកួតធំៗជាច្រើនទៀត ជាពិសេសគឺគោលដៅស៊ីហ្គេម នៅប្រទេស ចុងឆ្នាំ២០២១ ឬអាចឆ្នាំ២០២២ និងស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។
ជម្រើសជាតិប្រណាំងកង់គក់ទាំង៣នាក់នេះ គឺកីឡាករ គឹម ចាន់ធូ, សាន ណាម៉ា និងកីឡាករ សាន ណាម៉ាវ ក៏បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំបន្តការហ្វឹកហាត់នៅប្រទេសបារំាង ដើម្បីបង្កើនគុណភាពបច្ចេកទេសជាមួយក្រុមកីឡាករអាជីពនៅប្រទេសបារំាង និងនាំយកនូវសិទ្ធផលពីការហ្វឹកហាត់នោះមកបម្រើដល់ការប្រកួតនានា សម្រាប់ជាតិកម្ពុជា នាពេលខាងមុខជាបន្ទាបន្ទាប់ ជាពិសេស គឺគោលដៅការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ តែម្តង៕