ពោធិ៍សាត់ ៖ សមត្ថកិច្ចបានចាប់ឃាត់ខ្លួន គ្រូទាយសន្លឹកបៀរ និងគ្រូមន្តអាគមដោះអំពើ ចំនួន០៣នាក់ ម្តាយនិងកូន ពីបទឆបោកស្រ្តីរងគ្រោះ២នាក់អស់ប្រាក់សរុបជាង៦៧រៀល នៅចំណុចភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ថ្លៃធ្វើពិធីឆាបហៅប្ដីជនរងគ្រោះ ដែលរត់តាមស្រីឲ្យត្រឡប់មកវិញ និងថ្លៃធ្វើពិធីឆាបហៅសង្សារជនរងគ្រោះកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី ១៣ខែមិថុនា ឆ្នាំ២០២១ ។
បើតាមលោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា បន្ទាប់សមត្ថកិច្ចយើងទទួលបាន ពាក្យបណ្ដឹង ពីជនរងគ្រោះចំនួន២នាក់ ទី១-ឈ្មោះ ឈន ស្រីពេជ្រ ភេទស្រី អាយុ ២៩ឆ្នាំរស់នៅភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងទី២.ឈ្មោះ ណាម ស្រីមុំ អាយុ២៩ឆ្នាំ រស់នៅភូមិប៉ែន ឃុំលាចស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ប្ដឹងពីបទឆបោកនិងកំហែងយកប្រាក់ ជាលក្ខណៈប្រព័ន្ធ កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១១ និង ៣០នាទីថ្ងៃ នៅចំណុចភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយប្តឹងទៅលើជន សង្ស័យមួយក្រុមចំនួន៣នាក់ ។
ចំណែកជនសង្ស័យទាំង៣នាក់នោះរួមមាន៖ ឈ្មោះ សោម សារ៉ុន ភេទស្រី អាយុ៧២ឆ្នាំ ដែលត្រូវជាម្ដាយ ជាគ្រូទាយសន្លឹកបៀរ, ឈ្មោះ វង់ បឿ ហៅ បឿក ភេទប្រុស អាយុ ៣១ឆ្នាំ ដែលត្រូវជាកូនប្រសា ជាគ្រូមន្តអាគមដោះអំពើមើលជម្ងឺ និងឈ្មោះ វ៉េត សារ៉ុម ភេទស្រី ដែលត្រូវជាកូនស្រីបង្កើត ជាអ្នកទាលុយពីជនរងគ្រោះ យកមកធ្វើវិធីទំនឹបគ្រូ ដែលអ្នកទាំងបី មកស្នាក់នៅភូមិឃុំកើតហេតុខាងលើ ។
ប្រភពដដែលនេះបានជម្រាបបន្តថា ក្រុមជនសង្ស័យខាងលើ បានឆបោក និងកំហែងយកប្រាក់ ពីជនរងគ្រោះឈ្មោះ ឈន ស្រីពេជ្រ អស់ប្រាក់ចំនួន ៤២,០៦៨,៨០០រៀល ថ្លៃធ្វើពិធីឆាបហៅប្ដីជនរងគ្រោះ ដែលរត់តាមស្រីឲ្យត្រឡប់មកវិញ ។ ចំណែកឯជនរងគ្រោះទី២ ឈ្មោះ ណាម ស្រីមុំ ត្រូវបានក្រុមជនសង្ស័យខាងលើ ឆបោក និងកំហែងយកប្រាក់អស់ចំនួន ២៥,៥៥៥,០០០រៀល ថ្លៃធ្វើពិធីឆាបហៅសង្សារជនរងគ្រោះដែលបានបែកចិត្តឲ្យត្រឡប់មកវិញ ។ ចំពោះការឆបោក និងកំហែងយកប្រាក់ពីជនរងគ្រោះទាំងពីរនាក់ខាងលើ ក្រុមជនសង្ស័យបានឲ្យជនរងគ្រោះ ធ្វើការវេរប្រាក់ឲ្យពួកខ្លួនតាមវីងវេរលុយ ជាដំណាក់ការតាមការកំណត់ បើមិនធ្វើការវេរលុយឲ្យ តាមការកំណត់ទេ គំរាមថានឹងធ្វើអំពើ ឲ្យសមាជិកក្នុងក្រុមគ្រួសារ របស់ជនរងគ្រោះស្លាប់។
លោកអធិការបានបញ្ជាក់ថា ករណីនេះក្រោយពីសមត្ថកិច្ចជំនាញបានរាយការណ៍ជូនឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ តាមរយៈលេខទូរស័ព្ទ ០៨៨ ៩៦៩៧១៦៨ លោកក៏បានឲ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីកសាងសំណុំរឿង និងចាត់ការបន្តទៅតាមនីតិវិធី ៕