ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើងដែលបង្កឡើងដោយបុរសម្នាក់ទំនងជាស្រវឹងស្រាវបានជិះម៉ូតូក្នុងល្បឿនលឿនទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗ។ ចំណែកម៉ូតូជនរងគ្រោះខ្ទេចស្ទើរទាំងស្រុង កាលពីវេលាម៉ោង ១និង០០ នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា សពមានឈ្មោះ ទុយថា តុលា ភេទប្រុសអាយុ ២២ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី៤ នៅសាលាដុនបូស្កូ មានស្រុកកំណើតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋអ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២១ មួយគ្រឿងពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1Q6344 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០១១ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន បានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងមួយដើមពេញទំហឹងបណ្ដាលឱ្យបោកក្បាលទៅនឹងបង្គោលភ្លើងស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ភ្លាមៗនោះបន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌសែនសុខចុះមកដល់រួចក៏បានឆែកលើខ្លួនជនរងគ្រោះ ទាក់ទងទៅក្រុមគ្រួសារឲ្យមកយកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕