វៀតណាម៖ រឿងហួសចិត្ត និងកើតឡើងដែលមិននឹកស្មានដល់ ធ្វើឲ្យស្ត្រីជនជាតិវៀតណាមម្នាក់មាន អារម្មណ៍តក់ស្លុតជាខ្លាំងក្រោយដឹងថា ក្មួយសំណប់ចិត្តរបស់ខ្លួនដែលខំយកមកចិញ្ចឹម តាំងពីតូចបែរ ជាពេលធំដឹងក្តីថ្លើមធំលួចលាក់ទាក់ទងជាមួយប្តីរបស់ខ្លួនរហូតមានផ្ទៃពោះ ។នេះបើយោងតាមសារ ព័ត៌មាន ETtoday ដែលបានចេញផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ ។
ស្ត្រីជនជាតិវៀតណាមខាងលើនេះឈ្មោះ NH ដែលដំបូងឡើយរូបនាងបានរស់នៅជាមួយ ស្វាមីនៅ ប្រទេសអូស្ត្រាលី យ៉ាងមានក្តីសុខ ។ បន្ទាប់ពីគូរស្វាមីភរិយាទាំងពីរនេះមានចំណងដៃ កូនរួមគ្មាន ចំនួន៤នាក់ ប្តីរបស់នាងចង់បានកូនមួយទៀត ទើប អ្នកទាំងពីរសម្រេចចិត្តយកក្មួយបង្កើតរបស់ខ្លួន យកមកចិញ្ចឹម តាំងពីអាយុប្រមាណ៦-៧ឆ្នាំ មកធ្វើជា កូនចិញ្ចឹមដោយសារបងស្រីបង្កើតរបស់ NH ខ្វះលទ្ធភាពផ្គត់ផ្គង់ក្នុងការចិញ្ចឹមកូន ។
ប្រភពខាងលើបានឲ្យដឹងបន្តថា ការយកក្មួយស្រីធ្វើជាកូនចិញ្ចឹមនេះសង្ឃឹមថាគ្រួសារកាន់តែមានសុភមង្គល ប៉ុន្តែរឿងមិននឹកស្មានបានកើតឡើងក្នុងរយៈពេល១០ក្រោយនៅពេលដែលកូនចិញ្ចឹមពេញរូបពេញរាងក្រមុំស្រាប់តែលួចទាក់ទងប្តីរបស់នាងបង្កាត់ភ្លើងស្នេហារោលរាលដោយមិននាងដឹងនោះឡើយ ។ ម្យ៉ាងនាង NH ដែលជាម្តាយចិញ្ចឹមក៏គិតមិនដល់ថាក្មួយស្រីបង្កើត ដែលខ្លួនយកមកចិញ្ចឹមដោយផ្ទាល់ហ៊ានប្រព្រឹត្តបែបនេះនោះឡើយ ដោយសារកូនចិញ្ចឹមនេះតែងហៅខ្លួនថាប៉ាម៉ាក់ៗពេញមាត់ ថែមទាំងមានភាពស្និទ្ធស្នាលជាមួយកូនៗរបស់នាងផ្សេងទៀតដូចបងប្អូន ។
លុះដឹងថាប្តីរបស់នាង និងកូនចិញ្ចឹមរបស់ខ្លួនលួចមានទំនាក់ទំនងបង្កាត់ចំណងស្នេហ៍ជាមួយគ្នារហូតមានផ្ទៃពោះនោះទើបនាង NHបានបញ្ជាក់ថា នាងលែងមានការអត់ធ្មត់ទៀតហើយ នាងនឹងនិយាយជាមួយកូនចិញ្ចឹមរបស់ខ្លួន និងលែងលះជាមួយប្តី ។ អ្វីដែលនាងទ្រាំមិនបានទៀតនោះ ដោយសារបងស្រីបង្កើត ដែលត្រូវជាម្តាយរបស់ក្មួយចិញ្ចឹមនោះ បានដឹងយូរហើយប៉ុន្តែមិនបានប្រាប់រឿងនេះដល់ប្អូនស្រីឲ្យដឹងនោះទេ ៕