ប៉ាគីស្ថាន៖ មនុស្សយ៉ាងតិច៦៣នាក់ បានស្លាប់នៅក្នុងហេតុការណ៍រថភ្លើងបុកគ្នា កាលពីថ្ងៃចន្ទនៅក្នុងតំបន់ដាច់ស្រយាលមួយនៃខេត្ត Sindh ។ នេះបើយោងតាមក្រុមមន្រ្តីផ្លូវដែកប៉ាគីស្ថានដែលបានចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ។
លោក Usman Abdullah ស្នងការរងស្រុក Ghotki បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះករណីនេះដោយលោកបានលើកឡើងថា “យើងខ្លាចមនុស្សកាន់តែច្រើន អាចនឹងស្លាប់” ។ ខណៈជនរងគ្រោះមួយចំនួននៅមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ ចំណែកអ្នកខ្លះទៀតនិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើងថែមទៀត។ អ្នកស្លាប់ មានចាប់ពីទារកអាយុមួយខែ ដល់ស្ត្រីអាយុ៨១ឆ្នាំ ។
ប្រភពពីមន្ត្រីជំនាញបានឲ្យដឹងថា មនុស្សជាង១០០នាក់បានរងរបួសនៅក្នុងហេតុការណ៍បុកគ្នានេះ ដែលបានកើតឡើងកាលពីព្រឹកថ្ងៃចន្ទទី៧ ខែមិថុនានៅជិតទីប្រជុំជន Dharki ក្នុងស្រុក Ghotki ដែលមានចម្ងាយប្រហែល៤៤០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន ៕