វ៉ាស៊ីនតោន៖ ក្រោយឃើញជម្លោះបង្ហូរឈាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីនកាន់តែកើនកំដៅខ្លាំងពេលនេះប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ចេញមុខគាំទ្រឲ្យមានបទឈប់បាញ់មួយដើម្បីបិទបញ្ចប់ជម្លោះនិងរកដំណោះស្រាយសមរម្យមួយ ។ នេះបើតាមសារព័ត៌មាន Reuters ដែលបានចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ។
បើតាមអ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានថ្លែងបញ្ជាក់ថា «នៅកាលៈទេសៈបច្ចុប្បន្ន យើងយល់ថា កិច្ចសន្ទនានៅពីក្រោយឆាកគឺជាវិធីសាស្ត្រដ៏មានលក្ខណៈស្ថាបនាបំផុតដែលយើងអាចធ្វើបាន» ។ ស្របជាមួយគ្នានេះ សមាជិកសភាមួយចំនួននៅក្នុងជួរគណបក្សប្រជាធិបតេយ្យដែលចង់ឲ្យលោកដើរតួនាទីបន្ថែម ប៉ុន្តែរដ្ឋបាលលោក បៃដិននៅតែជ្រើសរើសរក្សា ភាពស្ងប់ស្ងាត់ដោយសុខចិត្តបើកកិច្ចពិភាក្សាជាមួយក្រុមមន្ត្រីអ៉ីស្រាអែល និងសម្ព័ន្ធមិត្តអាមេរិកក្នុងពិភពអារ៉ាប់ ។
នៅក្នុងកិច្ចពិភាក្សាមួយតាមរយៈទូរស័ព្ទរវាង លោក បៃដិន និងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu គឺលោកបៃដិនជំរុញឲ្យអ៊ីស្រាអែលត្រូវតែធានាឲ្យពីកិច្ចគាំពារអាយុជីវិតជនស៊ីវិលស្លូតត្រង់ ដោយប្រធានាធិបតីអាមេរិករូបនេះបានបង្ហាញ ការសោកស្ដាយផងដែរ ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើអគារការិយាល័យអ្នកសារព័ត៌មានក្នុងតំបន់ហ្គាហ្សា ។
បើតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលបានផ្ដាច់ជីវិតជនជាតិប៉ាឡេស្ទីនកើនដល់ ២១២នាក់ហើយ ក្នុងនោះមានកុមារ ៦១នាក់ និងជាង ១,៥០០នាក់រងរបួស។ ចំណែកឯ ភាគីអ៉ីស្រាអែលមានមនុស្ស ១០នាក់ស្លាប់ ក្នុងនោះមានកុមារ ២នាក់ ចាប់តាំងពីជម្លោះផ្ទុះឡើងកាលពីសប្ដាហ៍មុនមក ៕