ឥណ្ឌា ៖ ហ្វូងសត្វដំរីចំនួន១៨ក្បាលត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងរដ្ឋ អាសាម (Assam) ភាគឦសានប្រទេសឥណ្ឌា ដែលបណ្តាលមកពីរន្ទះបាញ់បានវាយប្រហារតំបន់ព្រៃអភិរក្សមួយកន្លែងឈ្មោះថា កាន់ដូលី (Kandoli) កាលពីថ្ងៃព្រហស្បតិ៍ទី១៣ឧសភាពម្សិលម៉ិញនេះ ។
មន្ត្រីអភិរក្សព្រៃឈើឥណ្ឌាម្នាក់បានជម្រាបថា អ្នកភូមិបានប្រទះឃើញសាកសពសត្វដំរីនោះនៅក្នុងព្រៃហើយក៏បានរាយការណ៍មកពួកយើងភ្លាមៗ។ នៅពេលទៅដល់ទីតាំងកើតហេតុ ពួកយើងបានរកឃើញសាកសព១៤ក្បាលនៅកំពូលភ្នំ និង៤ក្បាលនៅជើងភ្នំ ។
ពាក់ព័ន្ធនឹងករណីនេះអភិបាលរដ្ឋ អាសាម (Assam) បាននិយាយថា លោកមានការព្រួយបារម្ភចំពោះការស្លាប់របស់សត្វដំរីក្នុងចំនួនយ៉ាងច្រើនបែបនេះ និងបានចេញបញ្ជាឲ្យបើកការស៊ើបអង្កេត ។
សូមជម្រាបថា ចំពោះករណីនេះគឺជាលើកដំបូងក្នុងរយៈពេល២០ឆ្នាំមកនេះនៅក្នុងរដ្ឋ អាសាម (Assam) ដែលមានសត្វដំរីច្រើនក្បាលស្លាប់ក្នុងពេលតែមួយ ។ ខណៈដែលបច្ចុប្បន្នមានសត្វដំរីអាស៊ីជាង២៧,០០០ក្បាលស្ថិតនៅក្នុងប្រទេសឥណ្ឌាដោយក្នុងនោះប្រហែល២១%រស់នៅក្នុងរដ្ឋអាសាម (Assam) ៕