អ៊ីស្រាអែល៖ រហូតមកដល់ពេលនេះស្ថានភាពហិង្សានៅទីក្រុងហ្គាហ្សា (Gaza) ហាក់បង្ហាញសញ្ញាអំពីការកើនកំដៅកាន់តែខ្លាំងហើយខណៈអ្នកដែលបានស្លាប់បាត់បង់ជីវិត រាប់ទាំងក្មេងផងមានចំនួន៦៧នាក់ហើយ ។ នេះបើយោងតាមព័តមាន Al Jazeera ដែលបានចេញផ្សាយនៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១នេះ ។
មន្ទីរសុខាភិបាល ក្រុង GAZA បានជម្រាបឲ្យដឹងថា ប្រជាជនប៉ាឡេស្ទីន បានបាត់បង់ជីវិត ៦៧នាក់ ក្នុងនោះមានក្មេងៗ ១៦នាក់។ ចំណែក ៣០០នាក់ផ្សេងទៀត រងរបួស។ ទន្ទឹមនឹងនេះ ពលរដ្ឋអ៊ីស្រាអែល ៦នាក់ ក្នុងនោះមានក្មេងតូចម្នាក់ផង បានបាត់បង់ជីវិតដូចគ្នា នៅក្នុងឆាកប្រយុទ្ធរវាងប្រទេសទាំង២នេះ ។
ប្រជាជនស្លាប់ និងរបួសរាប់សិបនាក់នេះ បណ្តាលមកពីកំដៅនៃភ្លើងហិង្សារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស (Hamas) របស់ប៉ាឡេស្ទីនបានកើនឡើងយ៉ាងខ្លាំងដោយសារខាងអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសរាប់រយដងនៅតំបន់ហ្គាហ្សា ខណៈដែលក្រុមអ៊ីស្លាម និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនផ្សេងទៀតបានបាញ់រ៉ុក្កែតជាច្រើនគ្រាប់នៅទីក្រុង Tel Aviv និងទីក្រុង Beersheba របស់អ៊ីស្រាអែល ដែលធ្វើឲ្យកំដៅកំហឹងកាន់តែកើនខ្លាំងឡើង ។
សូមជម្រាបថា ពាក់ព័ន្ធនឹងបញ្ហាហឹង្សារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស (Hamas) របស់ប៉ាឡេស្ទីន ក៏បញ្ហាព្រួយបារម្ភរបស់អន្តរជាតិមួយដែរ ដែលថ្មីនេះប្រទេសសិង្ហបុរី បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់បញ្ឈប់ការវាយប្រហារទៅលើគោលដៅជនស៊ីវិល ៕