ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់កម្លាំងកងរាជវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងថា មេខ្យល់ ចំនួន១០នាក់ និងជនបរទេស ប្រមាណជិត២០០នាក់ ត្រូវបានអាវុធហត្ថខេត្តស្វាយរៀង ឃាត់ខ្លួន ករណីលួចឆ្លងដែនដោយខុសច្បាប់ ពីវៀតណាមចូលមកកម្ពុជា។
ប្រតិបត្តិការនេះ ធ្វើឡើងនៅក្នុងសណ្ឋាគារ “ផ្ទះល្វែងសណ្ឋាគារបួនរដូវ” និងនៅសណ្ឋាគារ GP ហូលីដេ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០២១។ រកឃើញជនជាតិវៀតណាមចំនួន ១០៤នាក់ , ជនជាតិចិនចំនួន ៧៣នាក់ និងជនជាតិឥណ្ឌូនេស៊ី ២នាក់ និងនៅក្នុងសណ្ឋាគារ GP ហូលីដេ រកឃើញជនជាតិចិនចំនួន ៨នាក់។ សរុបទាំងពីរសណ្ឋាគាររកឃើញជនបរទេសចំនួន ១៨៧នាក់។
ប្រភពបានបញ្ជាក់ថា កម្លាំងអាវុធហត្ថក៏បានឃាត់ខ្លួនជនសង្ស័យ ជាមេខ្យល់ចំនួន ១០នាក់ ក្នុងនោះមានជនជាតិខ្មែរចំនួន ៤នាក់ , ចិន ៥នាក់ និងវៀតណាម ១នាក់។
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍នៅព្រលប់ថ្ងៃទី២៨ មេសានេះថា ដោយមានការទទួលព័ត៌មានថា មានការប្រមូលផ្តុំមនុស្សនៅក្នុងសណ្ឋាគារ នៅភូមិបាវិតកណ្តាល សង្កាត់បាវិតក្រុងបាវិត ដោយមានការសង្ស័យកម្លាំងកងរាជអាវុធហត្ថបានធ្វើការត្រួតពិនិត្យ តាមរយៈការត្រួតពិនិត្យនេះ គឺរកឃើញមានមនុស្សជិត ២០០នាក់ គឺមានចិន ឥណ្ឌូនេស៊ី និងវៀតណាម។ ក្រោយពេលដែលសួរនាំ គឺពួកគេបានឆ្លងដែនពីវៀតណាម ចូលមកកម្ពុជា ដោយបានពួនសម្ងំនៅក្នុងសណ្ឋាគារ។
នាយឧត្តមសេនីយ៍ សៅ សុខា បានបន្តថា ចំពោះករណីនេះ កម្លាំងមានសមត្ថកិច្ចកំពុងតែអនុវត្តនីតិវិធី ដោយសារជនបរទេសទាំងនោះ ជាជនអន្តោប្រវេសន៍ចូលមកដោយខុសច្បាប់បែបនេះ គឺខាងកងរាជអាវុធហត្ថ អត់មានតួនាទីជាអន្តោប្រវេសន៍ទេ និងកំពុងតែរៀបចំសំណុំបែបបទ ដើម្បីធ្វើការចោទប្រកាន់នៅក្នុងក្របខ័ណ្ឌដែលចូលមកកម្ពុជាខុសច្បាប់។ ដោយឡែក ចំពោះជនជាតិវៀតណាម គឺអាវុធហត្ថបានទាក់ទងជាមួយខាងភាគីវៀតណាម ដោយភាគីទាំងពីរបានឯកភាពគ្នា បញ្ជូនជនជាតិវៀតណាម ឲ្យទៅភាគីវៀតណាមវិញ យកទៅធ្វើចត្តាឡីស័ក ឬក៏អនុវត្តច្បាប់នៅក្នុងប្រទេសវៀតណាមតែម្តង។ ចំណែកជនជាតិដទៃទៀត គឺត្រូវធ្វើចត្តាឡីស័ក នៅក្នុងទឹកដីកម្ពុជាសិន
ទើបបន្តអនុវត្តតាមនីតិវិធីច្បាប់៕