ម៉ានីល៖ សារព័ត៌មាន Bloomberg បានចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១អំពីការថ្លែងរបស់លោក រ៉ូឌ្រីហ្គោ ឌូតើតេ ប្រធានាធិបតីហ្វីលីពីន ថា ការប្រឈមមុខជាមួយចិននៅសមុទ្រចិនខាងត្បូងនឹងក្លាយជាការបង្ហូរឈាម បើសិនជា ទីក្រុងប៉េកាំងធ្វើសកម្មភាពរុករកប្រេងនៅក្នុងតំបន់ជម្លោះដែនទឹកមែននោះ ។
លោកប្រធានាធិបតីហ្វីលីពីនបានថ្លែងដូចនេះ បានធ្វើឡើងនៅក្នុងសុន្ទរកថាខ្លីមួយតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃចន្ទសប្ដាហ៍នេះ និងជាលើកដំបូងបំផុតចាប់តាំងពីនាវាចិនរាប់រយគ្រឿងត្រូវបានប្រទះឃើញក្នុងតំបន់ថ្ម ប៉ប្រះទឹក វីតសាន់ (Whitsun) កាលពីខែមីនាកន្លងទៅ ។
បើទោះបីយ៉ាងណាក្តីលោក ឌូតើតេបានគូសបញ្ជាក់ដូច្នេះថា បើសិនជា យើងធ្វើដំណើរទីនោះដើម្បីអះអាងពីយុត្តាធិការរបស់យើង នោះវាអាចនឹងក្លាយជាការបង្ហូរឈាម…យើងនឹងបញ្ជូននាវាចម្បាំងទៅកាន់តំបន់ជម្លោះហើយយើង នឹងធ្វើសកម្មភាពភា្លម បើពួកគេ (ចិន) ធ្វើសកម្មភាពរុករកប្រេងមែននោះ។
សូមជម្រាបថា ភាពតានតឹងរវាងទាំងពីរនេះ បានផ្ទុះឡើងជាថ្មីកាលពីខែមីនាកន្លងទៅ បន្ទាប់ពីនាវាចិនរាប់រយគ្រឿងត្រូវបានប្រទះឃើញនៅឯតំបន់ថ្មប៉ប្រះទឹក Whitsun នៃទីប្រជុំកោះ Spratly ដែលជាតំបន់ជម្លោះដែនទឹករវាងប្រទេសជាច្រើនក្នុងនោះមានទាំងហ្វីលីពីន និងចិន។ ទីក្រុងប៉េកាំងបានច្រានចោលការទាមទារ ពីហ្វីលីពីនឱ្យនាវារបស់ខ្លួនចាកចេញ ដោយអះអាងថានាវាទាំងនោះសុទ្ធតែទូកនេសាទនោះទេ ៕