បរទេស៖ ព្រះបរមរាជវាំង Buckingham បានថ្លែងថា ព្រះស្វាមីរបស់ព្រះមហាក្សត្រិយានី Elizabeth II នៃចក្រភពអង់គ្លេស បានយាងចូលទិវង្គ ក្នុងព្រះជន្មាយុ៩៩ព្រះវស្សា នៅក្នុងប្រាសាទ Windsor កាលពីព្រឹក ថ្ងៃសុក្រ ទី៩ ខែមេសា ឆ្នាំ២០២១។
សារព័ត៌មាន Aljazeera បានផ្សាយថា ព្រះបរមរាជវាំង Buckingham បានបញ្ជាក់ នៅថ្ងៃសុក្រ ថា ព្រះអង្គម្ចាស់ Philip នៃចក្រភពអង់គ្លេស ព្រះស្វាមីរបស់ព្រះមហាក្សត្រិយានី Elizabeth II បានយាងចូលទិវង្គ ក្នុងព្រះជន្មាយុ៩៩ព្រះវស្សា។
ព្រះបរមរាជវាំង បានចេញសេចក្តីថ្លែងការណ៍ថា ព្រះបរមរាជវាំង ពិតជាមានសោកសៅយ៉ាងខ្លាំង ដោយសារព្រះស្វាមីរបស់ព្រះមហាក្សត្រិយានី បានយាងសោយទិវង្គត ហើយនេះជាការបាត់ព្រះស្វាមីជាទីស្រឡាញ់របស់ព្រះអង្គ។ ព្រះអង្គម្ចាស់ បានយាងចូលទិវង្គត កាលពីព្រឹក ថ្ងៃសុក្រ នៅក្នុងប្រាសាទ (Windsor Castle) ។ រីឯការប្រកាសផ្សេងទៀត នឹងត្រូវធ្វើក្នុងពេលកំណត់។ ចំណែកព្រះរាជវង្សានុវង្ស នឹងចូលរួមព្រះរាជពិធីកាន់ទុក្ខនេះ ជាមួយនឹងប្រជាពលរដ្ឋ នៅជុំវិញពិភពលោក៕