ហ្សាការតា៖ សារព័ត៌មាន AFP បានចេញផ្សាយកាលពីពេលថ្មីៗនេះថា ប្រជាពលរដ្ឋដែលស្លាប់បាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់ដែលបង្កឡើងដោយព្យុះត្រូពិកស៊ីក្លូន សេរ៉ូចា (Seroja) នៅក្នុងប្រទេសឥណ្ឌូណេស៊ី និងទីម័រខាងកើត បានកើនដល់១៥៧នាក់ហើយ និងជាច្រើននាក់ទៀតបន្តបាត់ខ្លួននៅឡើយ។
ប្រភពខាងលើនេះបានឲ្យដឹងបន្តថា អ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់បានកើនដល់ ១៣០នាក់ ។ ចំណែកប្រទេសទីម័រខាងកើត វិញ មនុស្សសរុប ២៧នាក់បានបាត់បង់ជីវិត ។ គ្រោះទឹកជំនន់ និងរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ បានបំផ្លិចបំផ្លាញកោះជាច្រើន លាតសន្ធឹងពីកោះ ហ្វ្ល័រស៍ (Flores) នៃប្រទេសឥណ្ឌូណេស៊ី រហូតដល់ប្រទេសទីម័រខាងកើត ជាទីដែលផ្ទះសម្បែងរាប់ពាន់ខ្នងត្រូវបានជន់លិច និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួន ចេញពីផ្ទះសម្បែងរបស់ពួកគេ ។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ដ៏អាក្រកនេះអាជ្ញាធរឥណ្ឌូណេស៊ី រហូតដល់ពេលនេះកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះ និងតាមស្វែងរកមនុស្សច្រើននាក់ទៀតដែលបានបាត់ខ្លួន ខណៈមនុស្សជាង ១០,០០០នាក់កំពុងស្នាក់ក្នុងជំរំ បណ្ដោះ អាសន្ននៅឡើយ ៕