អន្តរជាតិ ៖ លោកអ្នកពិតជា មានការភ្ញាក់ផ្អើល នៅពេលដែលឃើញរូបរាងទូរស័ព្ទ បែរជាមានតំលៃរហូតទៅដល់ ជាង២៤ម៉ឺនដុល្លារ ឯណោះ ហើយពិតជាចង់ដឹងថា ម្ចាស់ទូរស័ព្ទនេះ គឺជាអ្នកណាហើយមែនទេ?។
នេះជាទូរស័ព្ទផ្ទាល់ខ្លួនរបស់មេដឹកនាំ ណាស៊ី គឺលោក អាដូហ្វហ៊ីត្លែរ ត្រូវបានរកឃើញនៅក្នុងលេនដ្ឋានប៊ែរឡាំងក្នុងឆ្នាំ ១៩៤៥ ហើយក្រោយមកវាត្រូវបានទិញដោយអ្នកដេញថ្លៃអនាមិកម្នាក់នៅឯការដេញថ្លៃនៅសហរដ្ឋអាមេរិកក្នុងតម្លៃរហូត ២៤៣,០០០ ដុល្លារអាមេរិក។
ដើមឡើយវាជាទូរស័ព្ទលើតុពណ៌ខ្មៅ ប៉ុន្តែក្រោយមកត្រូវបានគេលាបពណ៌ក្រហមក្រម៉ៅ និងឆ្លាក់ឈ្មោះលោក ហ៊ីត្លែរ ដែលជាដើមហេតុធ្វើឱ្យតម្លៃរបស់វាឡើងខ្ពស់ទ្វេដង។ តាមការចុះផ្សាយបានឱ្យដឹងថាវាមានអាយុកាលជិត១០០ ឆ្នាំ ដែលវាជាទូរស័ព្ទប្រើសម្រាប់បញ្ជាទិញអាវុធក្នុងអំឡុងសង្គ្រាមលោកលើកទី ២។
គួរបញ្ជាក់ថា អាដូហ្វហ៊ីត្លែរ (២០ មេសា ១៨៨៩ – ៣០ មេសា ១៩៤៥) គឺជាអ្នកនយោបាយអាល្លឺម៉ង់ដើមកំណើតអូទ្រីស និងជាមេដឹកនាំផ្តាច់ការអាល្លឺម៉ង់ពីឆ្នាំ ១៩៣៣ ដល់ ១៩៤៥ និងបានផ្តួចផ្តើមបង្កើតសង្គ្រាមលោកលើកទី ២ នៅអឺរ៉ុបដោយលុកលុយប្រទេសប៉ូឡូញនៅថ្ងៃទី ០១ ខែកញ្ញាឆ្នាំ ១៩៣៩ បង្កឱ្យមានការរំលោភបំពាន និងការសម្លាប់រង្គាល ហើយបានប្រល័យពូជសាសន៍ជនជាតិជ្វីហ្វប្រហែល ៦ លាននាក់និងជនរងគ្រោះរាប់លាននាក់ផ្សេងទៀត៕