ឌូប៉ៃ៖ កប៉ាល់យក្សមួយគ្រឿង ដឹកកុងតឺន័រ ប្រហែល២០ ០០០ម៉ឺន ត្រូវព្យុះខ្សាច់វាយប្រហារ បណ្ដាលឲ្យរេចង្កូត ទៅបុកច្រាំង បណ្ដាលឲ្យកន្ទុយវាត់កាត់ទទឹងព្រែកជីកស៊ុយអេ (Suez) ហើយអាជ្ញាធរ នៃប្រទេសអ៊េហ្ស៊ីប នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានព្យាយាមអូសកប៉ាល់នេះចេញ ដើម្បីបើកឲ្យដំណើរការផ្លូវនាវាចរណ៍ពាណិជ្ជកម្មដ៏មមាញិកបំផុតរបស់ពិភពលោក។
អាជ្ញាធរព្រែកជីកស៊ុយអេ (Suez)របស់អេហ្ស៊ីប ហៅកាត់ SCA បានថ្លែងថា អាជ្ញាធរបានតែស្វះស្វែងគ្រប់មធ្យោបាយ ដើម្បីអូសកប៉ាល់យក្ស MV Ever Given របស់កោះតៃវ៉ាន់ ដែលដោតទង់ជាតិប្រទេសម៉ាណាម៉ានេះ ឲ្យធ្វើនាវាចរណ៍ឡើងវិញ។ កប៉ាល់យក្សដែលជាប់គឿងកាត់ទទឹងព្រែកជីកស៊ុយអេនេះ មានបណ្ដោយប្រវែង៤០០ម៉ែត្រ ទទឹង៥៩ម៉ែត្រ និងទម្ងន់២០០ ០០០តោន។
អាជ្ញាធរព្រែកជីកស៊ុយអេរបស់ប្រទេសអេហ្ស៊ីប បានបញ្ជាក់ថា ឧបទ្ទវហេតុ បានបណ្ដាលឲ្យកប៉ាល់យក្សមួយគ្រឿង ជាប់នៅទទឹងព្រែកជីកនេះ។ ករណីនេះបានបង្កឡើងដោយព្យុះខ្សាច់ ដែលជាធម្មតា តែងកើតឡើង នៅក្នុងវាលខ្សាច់ស៊ីណៃ (Sinai) ប្រទេសអេហ្ស៊ីប នាឆ្នាំនេះ។ ករណីនេះក៏ដោយសារការមិនអាចព្យាករដឹងជាមុន អំពីលក្ខខណ្ឌអាកាសធាតុ ទើបព្យុះខ្សាច់នោះធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រងកប៉ាល់។
អាជ្ញាធរព្រែកជីកស៊ុយអេរបស់អេហ្ស៊ីប បានបន្ថែមថា បន្ទាប់ជាប់គឿងអស់រយៈពេលជាច្រើនថ្ងៃនោះមក កប៉ាល់ដែលជាប់កាត់ទទឹងព្រែកជីកស៊ុយអេ ត្រូវបានយកចេញ ហើយការធ្វើនាវាចរណ៍ត្រូវគេរំពឹងថា នឹងបន្ដដំណើរការ ក្នុងពេលដ៏ឆាប់ៗនេះ។
បើតាមទិន្នន័យផ្កាយរណប MarineTraffic.com បានបង្ហាញថា កប៉ាល់យក្សនេះបានរេកន្ទុយទៅបុកច្រាំងផ្នែកខាងកើត ហើយក្បាលរបស់វាបានបុកច្រាំងខាងលិច។ កប៉ាល់ Ever Given នេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Evergreen Marine Corp នៃកោះតៃវ៉ាន់។ នៅក្នុងឧបទ្ទវហេតុនោះ កប៉ាល់យក្សខាងលើ បានផ្ទុកកុងតឺន័រ ប្រហែល២០ ០០០។
បើតាមអាជ្ញាធរព្រែកជីកស៊ុយអេរបស់ប្រទេសអេហ្ស៊ីប ហៅកាត់ SCA បានឲ្យដឹងថា កាលពីឆ្លាំកន្លងនេះ មាននាវាជិត ១៩ ០០០គ្រឿង បានឆ្លងកាត់ព្រែកជីកស៊ុយអេ ដោយដឹកទំនិញទម្ងន់ ១,១៧ពាន់លានតោន៕