រ៉ង់ហ្គូន ៖ សារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១ បានចុះចេញផ្សាយ ថា មីយ៉ាន់ម៉ា បានដោះលែងមនុស្សជាង៦០០នាក់ពីមន្ទីរឃុំឃាំង បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួន កំឡុងការធ្វើសកម្មភាពប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងរដ្ឋប្រហារយោធា។
មន្រ្តីពន្ធនាគារមីយ៉ាន់ម៉ាមួយរូប ដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានបង្ហើបឲ្យដឹងថា បុរសចំនួន៣៦០នាក់ រួមនិងស្រ្តីចំនួន២៦៨នាក់ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញពីពន្ធនាគារអ៉ីនសេន (Insein) ក្នុងទីក្រុងរ៉ង់ហ្គូន កាលពីព្រឹកថ្ងៃពុធនេះ។ មនុស្សទាំងអស់នោះ ដែលត្រូវបានដោះលែង គឺភាគច្រើនសុទ្ធតែជាអ្នកត្រូវបានចាប់ខ្លួន កំឡុងការធ្វើបាតុកម្មនាពេលកន្លងទៅ។
គួរបញ្ជាក់ថា បើតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា បុគ្គលយ៉ាងហោចណាស់ ២,០០០នាក់ ត្រូវបានចាប់ខ្លួន កំឡុងការបង្រ្កាបរបស់យោធាទៅលើក្រុមបាតុករ ដែលធ្វើសកម្មភាពតវ៉ាប្រឆាំងរដ្ឋប្រហារយោធាថ្ងៃទី០១ ខែកុម្ភៈ។ ដោយឡែក ថ្ងៃពុធនេះ ក្រុមសកម្មជន មីយ៉ាន់ម៉ា នៅតែបន្តដឹកនាំចលនាតវ៉ារបស់ពួកគេដដែល ដែលរួមមានទាំងការអំពាវនាវឲ្យផ្អាកសកម្មភាពនានា ដូចជាកុំចេញក្រៅ កុំធ្វើអាជីវកម្ម និងកុំទៅធ្វើការងារអ្វីទាំងអស់ពេញមួយថ្ងៃ ថែមទៀតផង៕