ណៃពិដោ ៖ ក្មេងស្រីតូចទើបតែមានអាយុ៧ឆ្នាំម្នាក់ បានស្លាប់ នៅពេលកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានបើកការបាញ់ប្រហារ កំឡុងការបង្ក្រាបមួយនៅទីក្រុង ម៉ាន់ដាឡាយ (Mandalay) គឺកាន់តែធ្វើអោយ ក្រុមសកម្មជនមីយ៉ាន់ម៉ា នៅតែបន្តរៀបចំការធ្វើសកម្មភាពប្រឆាំងនឹងយោធាដដែល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់មីយ៉ាន់ម៉ា គឺទាហានមីយ៉ាន់ម៉ាបានបាញ់កាំភ្លើង សំដៅលើឪពុករបស់នាងតូច ប៉ុន្តែបែរជាត្រូវចំក្មេងស្រីនោះទៅវិញ ខណៈអ្នកទាំងពីរកំពុងស្ថិតនៅក្នុងផ្ទះ។ ក្មេងស្រីអាយុ ០៧ឆ្នាំនេះ គឺជាជនរងគ្រោះមានវ័យក្មេងជាងគេបង្អស់ ក្នុងការបង្រ្កាបសកម្មភាពតវ៉ា ប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ។ ដោយឡែកបុរស ០២នាក់ផ្សេងទៀត ក៏បានស្លាប់ផងដែរ កាលពីថ្ងៃអង្គារ។
គួរបញ្ជាក់ថា សម្រាប់ថ្ងៃពុធនេះក្រុមសកម្មជនមីយ៉ាន់ម៉ា បានអំពាវនាវឲ្យប្រជាជនរួមគ្នាធ្វើកូដកម្ម ដោយកុំចេញពីផ្ទះ កុំបើកអាជីវកម្ម និងកុំចេញធ្វើការអ្វីទាំងអស់ពេញមួយថ្ងៃ។ កាលពីថ្ងៃអង្គារម្សិលមិញ អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា បានចេញមុខសម្តែងការសោកស្តាយ ចំពោះការស្លាប់នៃបាតុករចំនួន ១៦៤នាក់ និងបានបន្ទោសថា ការបង្ហូរឈាមនេះ គឺដោយសារតែក្រុមបាតុករ ជាអ្នកដុតបញ្ឆេះអំពើហិង្សា។ មនុស្សយ៉ាងហោច ២៦៥នាក់បានស្លាប់ ក្នុងការបង្រ្កាបរបស់កងកម្លាំងសន្តិសុខ៕