វ់ាស៊ីនតោន ៖ កូនឧទ្ធម្ភាគចក្រមានទម្ងន់ ១.៨គីឡូក្រាម អ៉ីនជែនញូអ៉ីធី (Ingenuity) ដែលជាផ្នែកនៃបេសកកម្ម ភើសេវើរិនស៍ (Perseverance) ដែលស្ថិតនៅលើភពអង្គារ ( Mars) កំពុងតែត្រៀមខ្លួនឈានទៅរក ការហោះហើរជាលើកដំបូង។ នេះបើតាមការចេញផ្សាយ ដោយវែបសាយព័ត៌មាន Space នៅថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១។
នាចុងសប្តាហ៍កន្លងទៅនេះ យាន Perseverance ទើបតែបានទម្លាក់ចោលនូវគម្រប ដែលបានការពារ Ingenuity កំឡុងពេលចុះចតលើភពអង្គារ។ ដូច្នេះមានន័យថា កូនឧទ្ធម្ភាគចក្រនេះ ទើបបានប៉ះខ្យល់អាកាសនៅលើភពអង្គារ ជាលើកទីមួយប៉ុណ្ណោះ ចាប់តាំងតែពីវាបានចុះទៅដល់ទីនោះ កាលពីថ្ងៃទី១៨ ខែកុម្ភៈ។
ការទម្លាក់គម្របការពារចោលបែបនេះ គឺដើម្បីត្រៀមឲ្យកូនឧទ្ធម្ភាគចក្រ Ingenuity ធ្វើការហោះហើរនៅលើផ្ទៃភពអង្គារជាលើកដំបូង ដែលអាចនឹងកើតឡើង បើឆាប់បំផុតគឺនៅខ្ទង់សប្តាហ៍ទីមួយ នៃខែមេសាខាងមុខ ប៉ុន្តែអង្គការ NASA នឹងធ្វើសន្និសីទព័ត៌មានមួយ នៅថ្ងៃអង្គារសប្តាហ៍នេះ ដែលនឹងអាចមានការរៀបរាប់លម្អិត អំពីគម្រោងនៃការហោះហើររបស់វា។
NASA សង្ឃឹមថា ឧទ្ធម្ភាគចក្រ Ingenuity នឹងអាចផ្លាស់ប្តូររឿងនេះ ហើយប្រសិនបើជោគជ័យ វាអាចនឹងជួយត្រួសត្រាយផ្លូវ សម្រាប់ការងារស្រាវជ្រាវលើភពអង្គារ ពីលើផ្ទៃអាកាសនាពេលអនាគតថែមទៀតផង ខណៈសព្វថ្ងៃមានការរុករកពីទីអវកាស និងនៅលើផ្ទៃដីភពនោះផ្ទាល់ប៉ុណ្ណោះ៕