ឡុងដ៍ ៖ យោងតាមចុះផ្សាយ ពីសារព័ត៌មាន AFP នៅរសៀលថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១ បានអោយដឹងថា ចក្រភពអង់គ្លេស គ្រោងនឹងបញ្ចេញផែនការជាច្រើន ពាក់ព័ន្ធនឹងការធ្វើទំនើបកម្ម វិស័យយោធា របស់ខ្លួន ជាមួយការសន្យាថា នឹងពង្រឹងសមត្ថភាព ការពារផលប្រយោជន៍ នៃចក្រភពអង់គ្លេសលើគ្រប់វិស័យ និងនៅជុំវិញពិភពលោក។
តាមរយៈផែនការខាងលើ ទីក្រុងឡុងដ៍នឹងផ្ដោតជាសំខាន់ លើការពង្រឹងសមត្ថភាពកងនាវា ព្រមទាំងពង្រីកឥទ្ធិពលនៅជុំវិញពិភពលោក ជាមួយការសន្យាថា នឹងផលិតនាវាចម្បាំង, វាមុជទឹកបន្ថែម ព្រមទាំងបង្កើនចំនួននាវិកផងដែរ។ មិនតែប៉ុណ្ណោះ ក្រសួងការពារជាតិអង់គ្លេសក៏បានអះអាងដែរថា នឹងប្រែក្លាយកងកម្លាំងជើងទឹក (Royal Marines) ឱ្យទៅជាអង្គភាពថ្មីមួយដែលមានឈ្មោះថា កងកុម្ម៉ង់ដូនៃថ្ងៃអនាគត (Future Commando Force)។
គួរបញ្ជាក់ថា ក្រសួងការពារជាតិអង់គ្លេស នឹងធ្វើកិច្ចសហប្រតិបត្តិការសមុទ្រ ជាមួយសម្ព័ន្ធមិត្ត NATO នៅក្នុងតំបន់បាល់ទិច ហើយយ៉ាងយូរនៅក្នុងឆ្នាំ២០២១នេះ នឹងបញ្ជូនកងនាវាផ្ទុកយន្ដហោះចម្បាំង ទៅកាន់តំបន់អាស៊ីជាទីដែលឥទ្ធិពលចិន កំពុងពង្រីកឥទ្ធិពលរឹតតែខ្លាំង៕