បរទេស៖ ក្រោយក្រុមមេដឹកនាំរដ្ឋប្រហារ បានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធភូមា បង្រ្កាបយ៉ាងឃោរឃៅទៅលើក្រុមបាតុករអហិង្សានោះមក ក្រសួងការបរទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានឆ្លើយតបជាលើកដំបូងរបស់ខ្លួន ដោយផ្អាកសកម្មភាពលើវិស័យការពារជាតិ និងហាមឃាត់នាំចេញអាវុធទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
ក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសថា ក្រៅពីផ្អាកសកម្មភាពពាក់ព័ន្ធនឹងវិស័យយោធានោះ កូរ៉េខាងត្បូង នឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋមីយ៉ាន់ម៉ា ប្រមាណ៣ម៉ឺននាក់ បន្តស្នាក់នៅទឹកដីខ្លួន រហូតពេលស្ថានការណ៍ នៅក្នុងប្រទេសនេះ មានសភាពធូរស្បើយឡើងវិញ។ កូរ៉េខាងត្បូង បានប្រកាសសម្រេចចិត្ត ចាត់វិធានការប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
ជាមួយគ្នានេះដែរ អង្គការសហប្រជាជាតិ និងសហគមន៍អន្ដរជាតិ ក៏បានថ្កោលទោសយ៉ាងខ្លាំងដល់មេដឹកនាំរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា ចំពោះការបង្ក្រាបយ៉ាងព្រៃផ្សៃ បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ជាង៦០នាក់បាត់បង់ជីវិត។ ស្របគ្នានេះដែរ សហរដ្ឋអាមេរិក ក៏បានបង្កើនទណ្ឌកម្មយ៉ាងខ្លាំងបន្ថែមទៀតទៅលើរបបយោធាភូមា។
ក្រសួងការបរទេសកូរ៉េខាងត្បូង បានបន្ថែមទៀតថា ការសម្រេចចិត្តរបស់ខ្លួន បានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មិនស្តាប់ តាមការអំពាវនាវរបស់សហគមន៍អន្តរជាតិ និងរដ្ឋាភិបាលទីក្រុងសេអ៊ូល ស្របពេលចំនួនអ្នករងគ្រោះនៅតែបន្តកើនឡើង ដោយសារតែការបង្រ្កាបរបស់ក្រុមកម្លាំងសន្តិសុខ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងពិចារណាលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍលើវិស័យមួយចំនួនជាមួយមីយ៉ាន់ម៉ាផងដែរ។ ដោយឡែកការបណ្ដុះបណ្ដាលយោធា និងប៉ូលិស និងជំនួយទៅដល់រដ្ឋាភិបាល ក៏នឹងត្រូវផ្អាក។ ប៉ុន្តែសម្រាប់គម្រោងជំនួយជួយលើស្ទួយជីវភាពប្រជាជនមីយ៉ាន់ម៉ា និងជំនួយមនុស្សធម៌ នៅតែរក្សាទុកដដែល។
ប្រទេសមីយ៉ាន់ម៉ា ឬភូមា បានធ្លាក់ចូលទៅក្នុងវិបត្ដិនយោបាយកាន់តែធ្ងន់ធ្ងរ ក្រោយពេលក្រុមមេដឹកនាំយោធាធ្វើរដ្ឋប្រហារ រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល ហើយចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី និងមន្រ្ដីរបស់លោកស្រីជាច្រើនរូបទៀត កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ក្រោយរដ្ឋប្រហារយោធាមិនបានប៉ុន្មានផង ប្រជាពលរដ្ឋភូមាបានផ្ទុះការធ្វើបាតុកម្មពាសពេញប្រទេស រហូតឈានដល់ការបង្រ្កាបយ៉ាងព្រៃផ្សៃ។
ដោយសារតែទង្វើឃោរឃៅនេះ អាមេរិក បានដាក់ទណ្ឌកម្ម និងបង្កកលុយ១ពាន់លានដុល្លារ ហើយហាមឃាត់នាំចេញលើប្រភេទអាវុធជាក់លាក់មួយចំនួន ទៅប្រទេសមីយ៉ាន់ម៉ា៕