បរទេស៖ ក្រោយពេលក្រុមយោធារឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល និងចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី ហើយអ្នកនយោបាយជាន់ខ្ពស់របស់ប្រទេសមីយ៉ាន់ម៉ានោះមក ក្រុមមេដឹកនាំរដ្ឋប្រហារ បានបន្ដធ្វើទារុណលើមន្ត្រីគណបក្សជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសានស៊ូជី រហូតស្លាប់ ក្រោយក្រុមយោធាចាប់ឃុំខ្លួន ។
លោក Ba Myo Thein ជាអតីតមន្ត្រីគណបក្ស NLD បានបញ្ជាក់ថា លោក Zaw Myat Linn ជាមន្ត្រីគណបក្ស NLD បានស្លាប់ កាលពីវេលាម៉ោង១ និង៣០នាទី ថ្ងៃទី៩ ខែមីនា (ពេលវេលាក្នុងតំបន់) ក្រោយក្រុមយោធាចាប់ឃុំខ្លួនលោក នៅក្នុងទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា។ មុនពេលស្លាប់ លោក Zaw Myat Linn បានចូលរួមដឹកនាំធ្វើបាតុកម្មប្រឆាំងនឹងក្រុមយោធាផងដែរ។
លោក Ba Myo Thein បានបន្ថែមថា រហូតមកដល់ពេលនេះ គ្រួសាររបស់លោក Zaw Myat Linn បានព្យាយាម ដឹកសពបញ្ជូនទៅកាន់មន្ទីរពេទ្យយោធា ។ រីឯកម្លាំងយោធា និងប៉ូលិស មិនទាន់បានធ្វើកោសល្យវិច័យ ជុំវិញករណីស្លាប់របស់លោកឡើយ។ លោក Zaw Myat Linn ជាអតីតមន្ត្រីទីពីររបស់គណបក្ស NLD បានស្លាប់ ក្រោយពេលយោធាចាប់ឃុំខ្លួន អស់រយៈពេលជាច្រើនថ្ងៃកន្លងមក។
លោក Ba Myo Thein បានបន្ដថា កាលពីប៉ុន្មានថ្ងៃមុននេះ លោក Khin Maung Latt ជាអតីតមន្ត្រីគ្រប់គ្រងការបោះឆ្នោតរបស់គណបក្ស ក៏បានស្លាប់ ក្រោយពេលក្រុមយោធាចាប់ទៅឃុំខ្លួន កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១។
ប្រទេសមីយ៉ាន់ម៉ា កំពុងតែធ្លាក់ចូលទៅក្នុងវិបត្ដិនយោបាយ កាន់តែធ្ងន់ធ្ងរឡើយ ក្រោយក្រុមមេដឹកនាំយោធា ធ្វើរដ្ឋប្រហារ រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល ហើយចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី និងមន្រ្ដីជាន់ខ្ពស់រដ្ឋាភិបាលរបស់លោកស្រី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ប៉ុន្ដែក្រោយពេលរដ្ឋប្រហារយោធានេះ បានធ្វើឲ្យប្រជាពលរដ្ឋភូមា រាប់ពាន់នាក់ ចេញមកតាមដងផ្លូវ ធ្វើបាតុកម្មពាសពេញផ្ទៃប្រទេស។ រីឯក្រុមយោធាក៏បានចេញបង្រ្កាបយ៉ាងសាហាវ រហូតបណ្ដាលឲ្យមនុស្សប្រហែលជាង៦០នាក់បាត់បង់ជីវិត។
ដោយឡែកអង្គការសហប្រជាជាតិ និងសហគមន៍អន្ដរជាតិ ក៏បានថ្កោលទោសយ៉ាងខ្លាំង ជុំវិញការធ្វើរដ្ឋប្រហារ និងការបង្ក្រាបយ៉ាងព្រៃផ្សៃទៅលើក្រុមបាតុករ ធ្វើបាតុកម្មអហិង្សានេះ៕