បរទេស៖ មេដឹកនាំរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាឲ្យកងទ័ព និងកម្លាំងសន្ដិសុខរបស់ប្រទេសនេះ បាញ់ប្រហារ ដើម្បីបំបែកហ្វូងក្រុមបាតុករ នៅមុខរោងចក្រអគ្គិសនី ហើយរថពាសដែកជាច្រើនគ្រឿង បានបើកចូលទៅកាន់ទីក្រុងធំៗ ក្រោយពេលក្រុមមេដឹកនាំយោធា ប្រឈមមុខនឹងការធ្វើបាតុកម្ម ប្រឆាំងនឹងរដ្ឋប្រហារយោធា អស់រយៈពេល៩ថ្ងៃកន្លងមកនេះ។
ចាប់តាំងពីមេដឹកនាំយោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារ និងចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) និង ឥស្សរជននយោបាយជាច្រើននាក់ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមកនេះ ប្រជាពលរដ្ឋភូមារាប់សែននាក់ បានចេញមកតាមដងផ្លូវ នាំគ្នាតវ៉ា ពាសពេញទីក្រុង នៅទូទាំងប្រទេស ជំរុញឲ្យមេដឹកនាំរដ្ឋប្រហារ ដោះលែងឥស្សរជនទាំងនោះឲ្យមានសេរីភាពឡើងវិញ។ ដោយឡែកការធ្វើរដ្ឋប្រហារនេះ បានកើតឡើង ក្រោយពេលក្រុមយោធាបានចោទប្រកាន់ថា ការបោះឆ្នោត កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២០នោះ មានការក្លែងបន្លំសន្លឹកឆ្នោត ទើបធ្វើឲ្យក្រុមរបស់ខ្លួនចាញ់។
កងទ័ព កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានគេដាក់ពង្រាយទៅកាន់រោងចក្រអគ្គិសនី នៅភាគខាងជើងរដ្ឋខាជិន( Kachin) ។ រីឯសកម្មភាពរបស់កងទ័ពខាងលើនេះនាំឲ្យមានការប្រឈមមុខដាក់គ្នាជាមួយនឹងក្រុមបាតុករ ហើយអ្នកខ្លះជឿថា ក្រុមទាហានមានចេតនាទៅកាន់ផ្ដាច់ចរន្ដអគ្គិសនី នៅក្នុងតំបន់នោះ។
កងកម្លាំងសន្ដិសុខ បានបាញ់បំបែកហ្វូងបាតុករ នៅខាងក្រៅរោងចក្រអគ្គិសនីមួយ នៅក្នុងទីក្រុង Myitkyina រដ្ឋ Kachin ។ នៅក្នុងហេតុការណ៍នោះ មានអ្នកថតផ្សាយបន្ដផ្ទាល់អំពីសកម្មភាពរបស់កងទ័ពផងដែរ។ នៅល្ងាចថ្ងៃដដែលនោះ រថពាសដែកជាច្រើនគ្រឿង បានចល័ត នៅក្នុងទីក្រុងពាណិជ្ជកម្មយ៉ាំងហ្គូន ទីក្រុង Myitkyina និងទីក្រុង Sittwe រដ្ឋ Rakhine។ ដោយឡែក ស្ថានទូតអាមេរិក ប្រចាំ នៅក្នុងប្រទេសភូមា បានជំរុញឲ្យប្រជាពលរដ្ឋរបស់ខ្លួន ត្រូវបង្កើនការប្រុងប្រយ័ត្ន និងស្នាក់នៅក្នុងផ្ទះ។
ដោយឡែកនាយកដ្ឋានអាកាសចរណ៍ស៊ីវិលរបស់មីយ៉ាន់ម៉ា (ភូមា) បានសរសេរ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា បុគ្គលិបានឈប់មកធ្វើការ ចាប់តាំងពីថ្ងៃទី៨ ខែកុម្ភៈ មកម៉្លេះ។ ករណីនេះអាចបណ្ដាលឲ្យមានការពន្យារជើងហោះហើរអន្ដរជាតិផងដែរ។
ជាមួយគ្នានេះ រដ្ឋាភិបាលយោធា បានចេញបទបញ្ជាគំរាមឲ្យបុគ្គលិកស៊ីវិល ត្រូវតែវិលត្រឡប់ទៅធ្វើការងាររបស់ខ្លួនឡើងវិញ។ មេដឹកនាំរដ្ឋប្រហារយោធាបានគំរាមថា កងទ័ពនឹងប្រើសិទ្ធិអំណាចរ ចាប់ខ្លួនក្រុមបាតុករ នាំទៅឃុំឃាំង និងស្រាវជ្រាវទៅលើទ្រព្យសម្បត្ដិឯកជនថែមទៀតផង។
បើទោះជាក្រុមមេដឹកនាំយោធាគំរាមកំហែងយ៉ាងណា ក៏ក្រុមបាតុករ រួមមាន ក្រុមវេជ្ជបណ្ឌិត សាស្រ្ដាចារ្យ ព្រះសង្ឃ សិស្ស និស្សិត និងប្រជាពលរដ្ឋ នៅតែបន្ដធ្វើបាតុកម្មទាមទារឲ្យមានការដោះលែងលោកស្រី អ៊ុង សានស៊ូជី និងមន្រ្ដីរដ្ឋាភិបាលស៊ីវិល ដែលក្រុមយោធាចាប់ទាំងនោះ ឲ្យមានសេរីភាពឡើងវិញ៕