បរទេស៖ គ្រោះរញ្ជួយដី មានកម្រិត ៧,៣រ៉ិចទ័រ បានវាយប្រហារទៅលើប្រទេសជប៉ុន បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់១០០នាក់រងរបួស កាលពីរាត្រី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅតំបន់ភាគឦសាន នៃប្រទេសនេះ។ តំបន់នោះធ្លាប់រងគ្រោះពីការរញ្ជួយដី និងរលកស៊ូណាមិ កាលពី១០ឆ្នាំមុន។
លោក ស៊ូហ្កា យូស៊ីហ៊ីដេ នាយករដ្ឋមន្រ្តីជប៉ុន បានថ្លែង នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីរបស់លោកថា គ្រោះរញ្ជួយដីមានកម្រិតខ្លាំងខាងលើនេះ បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ជាង១០០នាក់ បានរងរបួស។ ប៉ុន្ដែគ្រោះធម្មជាតិខាងលើនេះ មិនបានបណ្ដាលឲ្យមានអ្នកស្លាប់នោះទេ។
លោកនាយករដ្ឋមន្រ្ដីជប៉ុន បានបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពបែបនេះ រដ្ឋាភិបាលជប៉ុន កាលពីព្រឹក ថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ បានប្រមូលព័ត៌មាន ជុំវិញការខូតខាត, ចំនួនមនុស្សរងគ្រោះ និងព័ត៌មានផ្សេងទៀត។ កន្លែងរញ្ជួយដីនេះ បានកើតឡើង នៅក្នុងខេត្ត Fukushima និង នៅតាមតំបន់ជិតខាងផ្សេងទៀត។
បើតាមទីភ្នាក់ងារព័ត៌មាន Kyodo បានចេញផ្សាយថា គ្រោះរញ្ជួយដី មានកម្រិត៧,៣ រ៉ិចទ័រនេះ បានកើតឡើង នៅយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។ គ្រោះធម្មជាតិមួយនេះ បានកាត់ផ្ដាច់ប្រព័ន្ធភ្លើង អស់ប្រមាណជាង ៩០ម៉ឺនគ្រួសារ។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ គេនៅមិនទាន់មានការរាយការណ៍ អំពីទំហំ នៃខូតខាតធ្ងន់ធ្ងរនៅឡើយ។
ដោយឡែកទីភ្នាក់ងារឧតុនិយមជប៉ុន បានអះអាងថា គ្រោះរញ្ជួយដីមានកម្រិតខ្លាំងនេះមិនបានបង្កឱ្យកើតមានរលកស៊ូណាមិនោះឡើយ។ គ្រោះរញ្ជួយដី មានជម្រៅ៦០គីឡូម៉ែត្រ និងបង្កឱ្យមានកម្រិតរញ្ជួយដល់ទីក្រុងតូក្យូថែមទៀតផង។
សូមជម្រាបថា ខេត្ត Fukushima ធ្លាប់រងគ្រោះពីការរញ្ជួយដី និង រលកស៊ូណាមិម្តងរួចមកហើយ កាលពីអំឡុងឆ្នាំ២០១១។ នៅក្នុងហេតុការណ៍ដ៏អាក្រក់ នាពេលនោះបង្កឱ្យមានការខូតខាត និងបំផ្លាញទ្រព្យសម្បត្តិអស់លានសិបដុល្លារអាមេរិក រួមទាំង រោងចក្រថាមពលនុយក្លេអ៊ែរផងដែរ។ ប្រទេសជប៉ុនតែងតែកើតមានគ្រោះរញ្ជួយដីជាញឹកញាប់ ដោយបានសម្លាប់មនុស្ស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិអស់ជាច្រើនរយលានដុល្លារអាមេរិក៕