បរទេស៖ ក្រោយពេលប្រធានាធិបតីសហរដ្ឋអាមេរិក សម្រេចចេញបទបញ្ជា អាចឲ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម និងបង្កកទ្រព្យសម្បត្ដិជិត១ពាន់លានដុល្លាររបស់ក្រុមមេដឹកនាំរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា នោះមក ក្រុមបាតុករភូមាបានអំពាវដល់លោក ចូ បៃដិន ដាក់ទណ្ឌកម្មកាន់តែខ្លាំងក្លាជាងនេះបន្ថែមទៀត។
បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ថា ក្រុមបាតុករមីយ៉ាន់ម៉ា (ភូមា) បាននៅថ្ងៃសុក្រ ( ទី១២ ខែកុម្ភៈ ) នេះបានអំពាវនាវឲ្យអន្តរជាតិ ជាពិសេស សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ចាត់វិធានការឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីប្រឆាំងនឹងក្រុមមេដឹកនាំរដ្ឋប្រហារយោធា។ ក្រុមបាតុករបានអំពាវនាវបែបនេះ បានកើតឡើង ក្រោយពេលលោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីអាមេរិក បានប្រកាសដាក់ទណ្ឌកម្មលើក្រុមមេដឹកនាំរដ្ឋប្រហារយោធា នៅភូមា។ បើតាមបទបញ្ជានេះ សហរដ្ឋអាមេរិក នឹងមានសិទ្ធិបង្កកទ្រព្យសម្បត្ដិរបស់ពួកគេ នៅលើទឹកដីរបស់ខ្លួនផងដែរ។
ជាមួយនឹងចំណាត់ការរបស់លោកប្រធានាធិបតី ចូ បៃដិន នោះ ក្រុមអ្នកគាំទ្រគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុង សានស៊ូជី បានសម្តែងការស្វាគមន៍ចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែពួកគេបានថ្លែងថា បើគ្រាន់តែការដាក់ទណ្ឌកម្មប៉ុណ្ណឹង នៅមិនទាន់គ្រប់គ្រាន់នោះទេ ដូច្នេះសូមឲ្យសហរដ្ឋអាមេរិក និងសហគមន៍អន្ដរជាតិចាំបាច់ ត្រូវតែជំរុញឲ្យក្រុមមេដឹកនាំរដ្ឋប្រហារយោធា ចុះចេញពីអំណាច ហើយបង្ខំឲ្យក្រុមយោធាមីយ៉ាន់ម៉ា ទទួលស្គាល់ជាផ្លូវការ ចំពោះជ័យជម្នះរបស់គណបក្ស NLD ក្នុងការបោះឆ្នោត កាលពីខែវិច្ឆិកា ឆ្នាំ២០២០។
លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីអាមេរិក បានប្រកាស កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើមេដឹកនាំធ្វើរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកសូមសម្តែងការគាំទ្រ ចំពោះប្រជាពលរដ្ឋមីយ៉ាន់ម៉ា ដែលបានចេញមុខមកតាមដងផ្លូវ តវ៉ាប្រឆាំងនឹងការធ្វើរដ្ឋប្រហារយោធា បណ្ដេញគណបក្សជាប់ឆ្នោត នៅក្នុងប្រទេសនេះ ចេញពីតំណែង ហើយចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី និងអ្នកនយោបាយជាច្រើននាក់ទៀត។
លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា លោកបានចេញបទបញ្ជា អាចអនុញ្ញាតឲ្យសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មជាបន្ទាន់ ប្រឆាំងនឹងមេដឹកនាំរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ បទបញ្ជានេះនឹងត្រូវគ្របដណ្ដប់ទៅលើផលប្រយោជន៍អាជីវកម្មរបស់ពួកគេ ក៏ដូចជា សមាជិកគ្រួសារដ៏ជិតស្និទ្ធរបស់ពួកគេផងដែរ។ បទបញ្ជារបស់លោកនឹងបង្កដល់ទ្រព្យសម្បត្ដិរបស់ក្រុមឧត្ដមសេនីយ៍របស់ប្រទេសមីយ៉ាន់ម៉ា ដែលមានតម្លៃប្រហែល១ពាន់លានដុល្លារ នៅលើទឹកដីសហរដ្ឋអាមេរិក។
បើតាមសារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា រហូតមកដល់ពេលនេះ ក្រុមគ្រូបង្រៀនកំពុងតែប្រមូលផ្តុំគ្នា ដើរដង្ហែក្បូនតវ៉ា នៅតាមដងផ្លូវធំៗ ប្រឆាំងនឹងមេដឹកនាំរដ្ឋប្រហារយោធា ហើយទាមទារឲ្យដោះលែងលោកស្រី អ៊ុង សានស៊ូជី និងមន្រ្ដីមន្រ្ដីជាន់ខ្ពស់ជាច្រើនរូបទៀត។
ការផ្ទុះបាតុកម្មឡើងនេះ បានកើតឡើង ក្រោយពេលមេដឹកនាំយោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារ ទម្លាក់គណបក្សឈ្នះឆ្នោតរបស់លោកស្រី អ៊ុង សាន់ស៊ូជី ហើយចាប់ឃុំខ្លួនលោកស្រី និងមន្រ្ដីជាន់ខ្ពស់ជាច្រើនទៀត។ ក្រុមបាតុករ រូមមាន ក្រុមគ្រូពេទ្យ គ្រូបង្រៀន សិស្ស និស្សិត និងព្រះសង្ឃភូមា បានកាន់ទង់ព្រះពុទ្ធសាសនា និងកាន់បដា លើកសញ្ញាម្រាមដៃបី ដែលជានិមិត្តរូប ប្រឆាំងនឹងរដ្ឋប្រហារ និងមានកាន់ទង់របស់បក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD)។
សូមជម្រាបថា ការធ្វើរដ្ឋប្រហារយោធានេះ បានកើតឡើង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមការបញ្ជារបស់ឧត្តមសេនីយ៍ ជាន់ខ្ពស់មីន អ៊ុង លាំង។ ប៉ុន្ដែអំពើរដ្ឋប្រហារនេះ ត្រូវបានក្រុមគ្រូពេទ្យ កម្មករ គ្រូបង្រៀន និស្សិត និងប្រជាពលរដ្ឋ បានចេញមកតាមដងផ្លូវ ដើម្បីតវ៉ាប្រឆាំងនឹងមេដឹកនាំយោធា រហូតមកបង្កឲ្យមានការប៉ះទង្គិចគ្នាជាមួយប៉ូលិស និងកម្លាំងយោធារបស់មីយ៉ាន់ម៉ា។ ការធ្វើរដ្ឋប្រហារយោធា និងការឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី ព្រមទាំងឥស្សរជននយោបាយមីយ៉ាន់ម៉ា ជាង២៦០នាក់ផ្សេងទៀត បាននាំឲ្យផ្ទុះបាតុកម្មដ៏ខ្លាំង មិនធ្លាប់មាន នៅក្នុងប្រទេសមីយ៉ាន់ម៉ា គិតចាប់តាំងតែពីឆ្នាំ២០០៧មក៕