អគ្គីបានឆាបឆេះដំបូលអគារខុនដូមួយកន្លែង ធ្វើឲ្យអ្នករស់នៅទីនោះ ភ័យព្រលឹងចុងសក់ កាលពីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងទីក្រុង Krasnodar ប្រទេសរុស្ស៊ី។
លោក Yevgeny Pervyshov អភិបាលក្រុង បានឲ្យដឹងថា បន្ទាប់ពីមានគ្រោះអគ្គិភ័យនោះមក លោកបានបញ្ជាដល់សមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធឲ្យចេញទៅធ្វើអន្ដរាគមន៍ទប់ស្កាត់ភ្លើងឆេះដំបូលអគារខុនដូ នៅក្នុងទីក្រុងនេះ។ ជាមួយគ្នានេះដែរ លោកក៏បានកោះប្រជុំជាបន្ទាន់ដល់មន្ត្រីជំនាញ ដើម្បីមានវិធានការទប់ស្កាត់ហេតុការណ៍អាក្រក់បែបនេះ កុំឲ្យកើតបន្ដទៀត។
ទោះជាយ៉ាងណា នៅក្នុងហេតុការណ៍នោះមិនមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ ព្រោះអ្នករស់នៅទីនោះ ត្រូវបានជម្លៀសចេញអស់ ដោយសុវត្ថិភាព។ រីឯម្ចាស់សណ្ឋាគារ Kavkaz នៅក្បែរខុនដូឆេះនោះ បានផ្ដល់បន្ទប់ស្នាក់នៅដោយឥតគិតថ្លៃ សម្រាប់អ្នករងគ្រោះ ទាំងនោះ។
មន្រ្ដីជំនាញ បានបញ្ជាក់ថា គ្រោះអគ្គិភ័យនេះបានកើតឡើង នៅជាន់ទី៨ នៃ អគារខុនដូខាងលើ ស្ថិតនៅតាមដងផ្លូវ Rossiyskaya។ ប៉ុន្ដែបើតាមការសន្និដ្ឋាន បានបង្ហាញថា ករណីនេះអាចបណ្តាលមកពីទុស្សេខ្សែភ្លើង៕