រដ្ឋធានីមូស្គូ៖ ក្រោយពេលមានការគំរាមកំហែងដល់សន្ដិសុខជាតិពីប្រទេសចិន និងប៉ាគីស្ថាននោះមក ប្រទេសឥណ្ឌាធ្វើយោធូបនីយកម្មយ៉ាងឆាប់រហ័ស ហើយកំពុងតែស្វះស្វែងរក ទិញយន្ដហោះចម្បាំងពីប្រទេសមហាអំណាចនានា ហើយនៅចុងឆ្នាំ២០២០នេះ ឥណ្ឌានឹងចុះកិច្ចព្រមព្រៀងទិញយន្ដហោះចម្បាំងទំនើបៗជាច្រើនគ្រឿងពីរុស្ស៊ី បន្ថែមទៀត។
លោក Maria Vorobyova តំណាងសេវាកម្មក្រុមហ៊ុនសហប្រតិបត្ដិការបច្ចេកវិទ្យាយោធាសហព័ន្ធរុស្ស៊ី ហៅកាត់ FSMTC បានថ្លែងថា នៅចុងឆ្នាំនេះ ឥណ្ឌាទំនងជានឹងបញ្ជាទិញយន្ដហោះចម្បាំងទំនើបៗជាច្រើនគ្រឿងពីប្រទេសរុស្ស៊ី បន្ថែមទៀត។ រីឯយន្ដហោះដែលកងទ័ពឥណ្ឌា ចង់បាននោះ រួមមាន យន្ដហោះ Su-30 និង MiG-29 ។
លោក Maria Vorobyova បានបន្ថែមថា យើងដឹងហើយថា ឥណ្ឌាបានសម្រេចបង្កើនល្បឿនការទិញយន្ដហោះចម្បាំងទាំងនេះ។ រីឯការចរចាកំពុងស្ថិតក្នុងដំណើរការ ហើយយើងកំពុងឆ្ពោះទៅរកការចុះហត្ថលេខា ដោយរួមទាំងឧទ្ធម្ភាគច្រក ប្រភេទ Ka-31 ចំនួន៦គ្រឿងផងដែរ នៅចុងឆ្នាំ២០២០នេះ។
ជាមួយគ្នានេះ ក្រុមប្រឹក្សាលទ្ធកម្មក្រសួងការពារជាតិឥណ្ឌា (DAC) ក៏បានព្រមព្រៀងលើការចំណាយថវិកាទិញយន្ដហោះចម្បាំង ប្រភេទ Su-30MKI ចំនួន១២គ្រឿង មានតម្លៃ ១,៤៤ពាន់លានដុល្លារ, យន្ដហោះថ្មី ប្រភេទ MiG-29 ចំនួន២១គ្រឿង មានតម្លៃ៩០០លានដុល្លារ (ដោយរួមទាំងការជួលជុលលើយន្ដហោះ MiG-29 ចំនួ៥០គ្រឿងរបស់កទ័ពជើងទឹក និងជើងអាកាសរបស់ឥណ្ឌាដែលមានសម្រាប់)។
បើតាមបណ្ដាញផ្សព្វផ្សាយឥណ្ឌា បានឲ្យដឹងថា ក្រសួងការពារជាតិឥណ្ឌា ក៏បានយល់ព្រមលើការចំណាយនូវទឹកប្រាក់ប្រហែល៥២០លានដុល្លារ សម្រាប់ការទិញយន្ដហោះ Kamov KA-31ចំនួន១០គ្រឿងបន្ថែមទៀត។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ឥណ្ឌាបានធ្វើយោធូបនីយកម្មយ៉ាងឆាប់រហ័ស ក្រោយមានការគំរាមកំហែងលើសន្ដិសុខជាតិ ពីប្រទេសចិន និងប៉ាគីស្ថាន៕