សារព័ត៌មាន Independent បានផ្សាយថា ស្រ្ដីអ្នកដំណើរម្នាក់ បានបើកទ្វារយន្ដហោះ ហើយឡើងទៅអង្គុយលេខ នៅលើស្លាបយន្ដហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិអ៊ុយក្រែន បង្កឲ្យមានការភ្ញាក់ផ្អើលឡើង។ ហេតុការណ៍ខាងលើនេះ បានកើតឡើង តាំងពីថ្ងៃទី៣១ ខែសីហាមកម៉្លេះ ខណ:យន្តហោះចេញពីទីក្រុង Antalya ប្រទេសតួកគី ឆ្ពោះទៅកាន់ទីក្រុង Kiev ប្រទេសអ៊ុយក្រែន។
ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន (UIA) បានឲ្យដឹងថា អ្នកដំណើរ នៅលើជើងហោះហើរ លេខ PS6212 បានបើកទ្វារអាសន្ន ដោយខ្លួនឯង ក្រោយយន្តហោះឈប់នៅមួយកន្លែង។ ស្រ្ដីជាអ្នកដំណើរម្នាក់នោះ ទើបនឹងមកពីសម្រាកលម្ហែកាយជាមួយស្វាមីនិងកូនពីរនាក់។
ស្ត្រីរូបនោះ បានបញ្ជាក់ថា នាងមានអារម្មណ៍ក្តៅខ្លាំង ហើយចង់ចេញទៅខាងក្រៅ ស្រូបយកខ្យល់អាកាសបន្តិច ទើបបើកទ្វារយន្ដហោះ ទៅអង្គុយលេងនៅលើស្លាបយន្ដហោះបែបនេះ។ ប៉ុន្ដែភ្លាមៗនោះ អាកាសយានិកបានហៅកម្លាំងសន្តិសុខ និងបុគ្គលិកសុខាភិបាលមកកាន់ទីតាំងយន្តហោះចត។
ក្រោយមក ប៉ូលិសបានឃាត់ខ្លួនស្រ្ដីខាងលើ ហើយនាំទៅធ្វើតេស្ត ស្វែងរកសារធាតុញៀន និងគ្រឿងស្រវឹង តែគាត់មានស្ថានភាពសុខភាពធម្មតា។ រីឯក្រុមហ៊ុនបានទាមទារឲ្យស្ត្រីខាងលើសងសំណងមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់នាង ហើយដាក់ចូលក្នុងបញ្ជីខ្មៅហាមធ្វើដំណើរតាមយន្តហោះរបស់ខ្លួន៕