រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលមានការប្រឈមមុខកាន់តែតានតឹងខ្លាំងឡើង នៅសមុទ្រចិនខាងត្បូងនោះ សហរដ្ឋអាមេរិកស្នើឲ្យអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ ឬអូតង់ ក៏ដូចជាសម្ព័ន្ធផ្សេងៗទៀត នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វីក ត្រូវប្រឈមមុខដាក់មហាអំណាចចិន។
អនុរដ្ឋមន្រ្ដីការបរទេសអាមេរិក លោក ស្ដេហ្វែន ប៊ៀហ្គាន់ (Stephen Biegun) បានថ្លែង កាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកស្នើឲ្យណាតូ ក៏ដូចជា សម្ព័ន្ធមិត្ត នៅក្នុងតំបន់ Indo-Pacific រួមមាន ឥណ្ឌា អូស្រ្ដាលី និងជប៉ុន ជាដើម ត្រូវប្រឈមមុខនឹងប្រទេសចិន ដែលកំពុងតែវាតទី និងបង្កើនឥទ្ធិពល នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
លោកអនុរដ្ឋមន្រ្ដីក្រសួងការបរទេសអាមេរិក បានបន្ថែមថា គោលបំណងរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ជំរុញឲ្យសម្ព័ន្ធមិត្តចំនួន៤ប្រទេស និងបណ្ដាប្រទេសដទៃទៀត នៅក្នុងតំបន់Indo-Pacific ត្រូវធ្វើការរួមគ្នា ប្រឆាំងនឹងការប្រកួតប្រជែងដ៏មានសក្ដានុពលពីចិន។ សម្ព័ន្ធមិត្តទាំងអស់ ត្រូវបង្កើតបណ្ដាញ ក្នុងតំបន់ ជុំវិញការបង្កើតតម្លៃ និងផលប្រយោជន៍ទៅវិញទៅមក។
សំណើនេះបានធ្វើឱ្យចិនខឹងសម្បាយ៉ាងខ្លាំង ហើយប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិន បានអត្ថាធិប្បាយថា « សហរដ្ឋអាមេរិកបានលើកយកគំនិត នៃការកសាងសម្ព័ន្ធមិត្ត ដូចជាណាតូ ជាមួយឥណ្ឌា អូស្ត្រាលី និងជប៉ុន ឲ្យបង្កើតជាបណ្តាញប្រឆាំងនឹងចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។ សម្ព័ន្ធមិត្តនេះ ត្រូវបានគេស្គាល់ថា ជា QUAD ។
ដំបូងសម្ព័ន្ធមិត្តនេះបានចាប់ផ្តើមចេញពីការសន្ទនាមួយ នៅក្នុងឆ្នាំ២០០៧ ដោយនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ ។ គំនិតផ្ដួចផ្ដើមរបស់ប្រទេសជប៉ុននេះ ក៏មានការគាំទ្រពីអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Dick Cheney, នាយករដ្ឋមន្រ្ដីអូស្រ្ដាលី លោក John Howard និងនាយករដ្ឋមន្រ្តីឥណ្ឌា Manmohan Singh ផងដែរ។ សម្ព័ន្ធមិត្តនេះក៏ជំរុញឲ្យមានសមយុទ្ធយោធារួមគ្នាផងដែរ៕