រដ្ឋធានីបេរូ៖ ក្រោយការផ្ទុះសារធាតុគីមីអាមម៉ូញ៉ូនីត្រាត មានទម្ងន់ ២៧៥០តោន នៅកំពង់ផែទីក្រុងបេរូត ដោយបណ្ដាលឲ្យមនុស្ស១៧០នាក់ស្លាប់ ជាង៤០០០នាក់រងរបួស និងបាត់ខ្លួនជាង១០០នាក់ ហើយមនុស្សរាប់សែននាក់បាត់បង់ទីជម្រកនោះមក តែរហូតមកដល់ពេលនេះ អាជ្ញាធរលីបង់ បានរកឃើញសារធាតុគីមីបង្កគ្រោះថ្នាក់ ជិត៨០តោន។
កងទ័ពលីបង់ បានថ្លែង កាលពីថ្ងៃទី២៤ ខែសីហា ថា រហូតមកដល់ពេលនេះ មន្រ្តីជំនាញយោធារបស់លីបង់ និងសហការីបារាំង បានរកឃើញសារធាតុគីមីប្រកបគ្រោះថ្នាក់ ចំនួន៧៩កុងតឺន័រ នៅក្នុងកំពង់សមុទ្រទីក្រុងបេរូ ជិតមូលដ្ឋានកងទ័ពជើងទឹក ប្រទេសលីបង់។ នៅទីនោះ គឺជាកន្លែងផ្ទុះសារធាតុអាមម៉ូនីញ៉ូមនីត្រាត មានទម្ងន់២៧៥០តោន កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។ ការរកឃើញសារធាតុគីមីនេះ បានកើតឡើង ចន្លោះពីថ្ងៃទី១៤ ដល់ថ្ងៃ២២ ខែសីហា ឆ្នាំ២០២០ ហើយទូកុងតឺន័រទាំងនោះ រួមមាន ចំនួន ២៥ ផ្ទុកទៅដោយសារធាតុគីមីអាស៊ីត-អ៊ីដ្រូក្លរិច (Hydrochloric Acid) និងកុងតឺន័រ៥៤ទូទៀត ផ្ទុកដោយសារធាតុ គីមីគ្រោះថ្នាក់ប្រភេទផ្សេងៗគ្នា។
ការផ្ទុះដ៏មានកម្លាំងខ្លាំងនេះ បានបណ្ដាលឲ្យមនុស្សចំនួន១៧០នាក់ ស្លាប់ រងរបួស ៤ ០០ ០ នាក់ និងនៅបាត់ខ្លួនជាង១០០នាក់ ហើយមនុស្សរាប់សែននាក់ បាត់បង់ទីជម្រក។ ក្រោយ ការផ្ទុះនោះ រដ្ឋាភិបាលបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន នៅក្នុងទីក្រុងបេរូត ហើយមិនដល់១សប្ដាហ៍ផង រដ្ឋាភិបាលក៏បានលាដែងចេញពីតំណែង តាមការទាមទាររបស់ក្រុមបាតុករ ដែលមានចំនួនរាប់ពាន់នាក់ចេញមកតាមដងផ្លូវ ទាមទារឲ្យលោក Hassan Diab នាយករដ្ឋមន្រ្ដីចុះចេញពីតំណែង៕