រដ្ឋធានីញូវដេលី៖ ក្រោយពេលកើតមានជម្លោះព្រំដែន រវាងឥណ្ឌា និងចិន រហូតឈានដល់ការវាយប្រហារគ្នា បណ្ដាលឲ្យកងទ័ពឥណ្ឌា ស្លាប់ជាង២០នាក់ និងចិនស្លាប់៤៣នាក់នោះមក កងទ័ព នៃប្រទេសទាំង២ បានត្រៀមកម្លាំងទប់ទល់គ្នាទៅវិញទៅមក ហើយកងទ័ពឥណ្ឌាបានអះអាងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការធ្វើសង្រ្គាម ប្រឆាំងនឹងការឈ្លានពានរបស់មហាអំណាចចិន។
ប្រទេសមានប្រជាពលរដ្ឋច្រើនជាងគេ នៅលើពិភពលោក លំដាប់លេខ១ និងលេខ២នេះ មានព្រំដែនជម្លោះនឹងគ្នា ប្រវែង ៤ ០៥៧ គីឡូម៉ែត្រ (LAC) ។ ប្រទេសទាំង២នេះ ធ្លាប់មានជម្លោះជាមួយគ្នា អំពីរឿងព្រំដែននេះ រហូតមានការវាយប្រហារគ្នា ហើយត្រូវបានបញ្ចប់ទៅវិញ ដោយកិច្ចព្រមព្រៀងមួយ។ លុះមកដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ជំងឺចាស់នោះបានរើឡើងវិញ រហូតឈានដល់ការវាយប្រហារគ្នា បណ្ដាលឲ្យកងទ័ពឥណ្ឌាស្លាប់២០នាក់ និងចិនស្លាប់៤៣នាក់។
ក្រោយការកើតមានជម្លោះចុងក្រោយនេះ ប្រទេសឥណ្ឌា បានត្រៀមលក្ខណ: សម្រាប់ធ្វើសឹកសង្រ្គាមជាមួយនឹងមហាយក្សចិន ដែលចង់វាតទីនិយម ទៅលើប្រទេសជិតខាង និង នៅក្នុងតំបន់ ក៏ដូចជា នៅលើពិភពលោក។ មហាវិថីធំៗរបស់ឥណ្ឌា ត្រូវបានរចនា និងស្ថាបនាឡើង សម្រាប់ប្រើប្រាស់ ក្នុងពេលមានសង្រ្គាមផ្ទុះឡើង។ ឥណ្ឌាបានយល់ច្បាស់ណាស់ថា នៅពេលមានសង្រ្គាមផ្ទុះឡើង អាកាសយានដ្ឋានទាំងអស់អាចនឹងត្រូវរងការវាយប្រហារឬ ត្រូវកម្ទេចចោលពីបច្ចាមិត្ត ហើយយន្ដហោះចម្បាំងទាំងអស់ មិនអាចចុះចត នៅក្នុងអាកាសយានដ្ឋានបានទេ។ ដូច្នេះយន្ដហោះទាំងនោះ អាចនឹងចុះចត ឬប្រើប្រាស់ផ្លូវជាតិជំនួសវិញ។
ក្រៅពីនេះទៀត ឥណ្ឌាបានធ្វើផ្លូវទៅកាន់តំបន់ជម្លោះ សម្រាប់ងាយស្រួលដល់កងទ័ពចល័ត និងធ្វើសកម្មភាពការពារប្រទេស។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលឥណ្ឌា បាន និងកំពុងស្វះស្វែងទិញយន្ដហោះចម្បាំងទំនើបៗ និងគ្រឿងសឹក មកពីប្រទេសលោកខាងលិច រួមមាន អាមេរិក និងបារាំង និងរុស្ស៊ី…ជាដើម ។
ដោយឡែករដ្ឋាភិបាលចិនវិញ ក៏បានបញ្ជូនកាំភ្លើងធំ និងយន្ដហោះបំបាំងកាយ ប្រភេទ J-20 ទៅកាន់ភាគខាងលិចប្រទេស សម្រាប់ត្រៀមទប់ទល់នឹងឥណ្ឌាផងដែរ។ ករណីនេះ ប្រសិនបើមានការផ្ទុះសង្រ្គាម រវាងចិន និងឥណ្ឌា មែន គេអាចមើលឃើញថា អាមេរិក និងបណ្ដាប្រទេសជាសម្ព័ន្ធអាមេរិក នឹងលូកដៃចូល ហើយសង្គ្រាមកាន់តែរីកធំឡើង រហូតអាចក្លាយជាសង្រ្គាមលោកលើកទី៣ ក៏ថាបាន។
លោកឧត្ដមសេនីយ៍ Bipin Rawat នាយកអគ្គសេនាធិការកងទ័ពឥណ្ឌា បានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើការចរចា រវាងកងទ័ពទាំង២ (ចិន និងឥណ្ឌា) និងជម្រើសការទូត មិនទទួលបានលទ្ធផល ដូចការចង់បាន ជុំវិញបន្ទាត់ព្រំដែន មានប្រវែង ៤ ០៤៧គីឡូម៉ែត្រ (LAC) នោះទេ ជម្រើសមានតែមួយគត់ គឺការប្រើប្រាស់កម្លាំងយោធា។
លោកឧត្តមសេនីយ៍ Bipin Rawat បានបន្ថែមថា រហូតមកដល់ពេលនេះ កងទ័ពឥណ្ឌា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើសកម្មភាពយោធាភ្លាមៗ ដើម្បីឆ្លើយតបប្រឆាំងនឹងការឈ្លានពានជាថ្មីណាមួយ អំពីសំណាក់កងទ័ពចិន នៅក្នុងតំបន់ជម្លោះព្រំដែន Ladakh។
បើតាមសារព័ត៌មាន Hindustan Times បានផ្សាយថា រដ្ឋាភិបាលឥណ្ឌា គ្រោងនឹងបើកការចរចា កម្រិតយោធាបន្ថែម ដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសចិន។ ទោះជាយ៉ាងណា រដ្ឋាភិបាល នៅមិនទាន់ បញ្ជាក់ថា ការចរចានោះ នឹងត្រូវធ្វើឡើង នៅពេលណានោះដែរ។
សូមជម្រាបថា កាលពីខែមិថុនា កន្លងមកនេះ កងទ័ពចិន និង ឥណ្ឌា បានផ្ទុះជម្លោះនឹងគ្នា នៅក្នុងតំបន់ជម្លោះ ព្រំដែន Ladakh ដោយបណ្ដោលឱ្យកងទ័ពឥណ្ឌា២០នាក់ បាត់បង់ជីវិត និង ចិនស្លាប់ចំនួន៤៣នាក់៕