រដ្ឋធានីម៉ានីល៖ ក្រុមភេរវករបានបំផ្ទុះគ្រាប់បេកអត្ដឃាត បណ្ដាលឲ្យកងសន្ដិសុខ និង ជនស៊ីវីលចំនួន១៥នាក់ស្លាប់ និង៧៥នាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅក្នុងកោះ Jolo នាភាគខាងត្បូង ប្រទេសហ្វីលីពីន។
បើយោងតាមសារព័ត៌មាន CNA បានផ្សាយ កាលពីល្ងាច ថ្ងៃទី២៤ ខែសីហា ថា ការវាយប្រហារដោយគ្រាប់បែកចំនួន២លើកនេះ បានកើតឡើង នៅក្នុងទីក្រុងដ៏ធំមួយ នៃកោះ Jolo ជាទីតាំងរបស់ក្រុមពាក់ព័ន្ធនឹងរដ្ឋអ៊ិស្លាម Abu Sayyaf ។ ក្រុមនេះតែងតែប្រើប្រាស់សកម្មភាពអត្ដឃាត។
កងទ័ពហ្វីលីពីន បានថ្លែងថា ការបំផ្ទុះគ្រាប់បែកលើកទី១ បានកើតឡើង នៅវេលាជិតថ្ងៃត្រង់ ថ្ងៃទី២៤ ខែសីហា នៅជិតរថយន្ដយោធាចំនួន២គ្រឿងដែលចតចោល។ ការបំផ្ទុះគ្រាប់បែកកែច្នៃនេះ បានសម្លាប់មន្រ្ដីយោធា និងជនស៊ីវិល អស់ជាច្រើននាក់។
ជាមួយគ្នានេះដែរ មន្រ្ដីប៉ូលិសហ្វីលីពីន បានថ្លែងថា ការវាយប្រហារអត្ដឃាតនេះ បានបណ្ដាលឲ្យមន្រ្ដីយោធា ចំនួន៨នាក់ និងជនស៊ីវិល ចំនួន៦នាក់ ហើយអ្នកធ្វើអត្ដឃាតម្នាក់ស្លាប់។ ក្រៅពីនេះ ក៏មានមន្រ្ដីយោធា២៧នាក់ និងជនស៊ីវិល៤៨នាក់ រងរបួសផងដែរ។ ទីប្រជុំជនរងការវាយប្រហារនេះ ស្ថិតនៅលើកោះ Jolo ជាដែនដីដ៏សំខាន់របស់ក្រុមមូស្លីម Abu Sayyaf ដែលមានទំនាក់ទំនងនឹងក្រុមរដ្ឋអ៊ិស្លាម។
លោក Harry Roque អ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីន បានថ្លែងថ្កោលទោស យ៉ាងខ្លាំង ចំពោះការវាយប្រហារ សម្លាប់មនុស្សយ៉ាងច្រើននេះ។ ទោះជាយ៉ាងណា អាជ្ញាធរហ្វីលីពីននៅមិនទាន់ដឹងថា ការបំផ្ទុះគ្រាប់បែកអត្ដឃាតខាងលើនេះ មានការជាប់ពាក់ព័ន្ធនឹងក្រុមបំផ្ទុះគ្រាប់បែក កាលពីអំឡុងឆ្នាំ២០១៩ ដោយបានស្លាប់មនុស្ស២០នាក់ និងរបួស១០០នាក់ ឬយ៉ាងណានោះទេ៕