អង្គការសហប្រជាជាតិ និងដៃគូកំពុងធ្វើការងារបន្ទាន់ ដើម្បីបន្ដវាយតម្លៃ អំពីស្ថានការណ៍ នៃការផ្ទុះឃ្លាំងស្ដុកអាមម៉ូញ៉ូមនីត្រាត និងប្រមូលជំនួយសង្រ្គោះបន្ទាន់ សម្រាប់ជួយដល់ទីក្រុងបេរូត ប្រទេសលីបង់។
ការិយាល័យសម្របសម្រួលជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានថ្លែង កាលពីថ្ងៃទី៧ ខែសីហា ថា អង្គការសហប្រជាជាតិ បានត្រៀមថវិកា ចំនួន ១៥ លានដុល្លារសហរដ្ឋអាមេរិក ពីមូលនិធិរបស់ខ្លួន ដើម្បីជួយប្រទេសលីបង់ បន្ទាប់ពីមានការផ្ទុះដ៏ខ្លាំង នៅកំពង់ផែបេរូត។
ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា ប្រធានការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ លោក Mark Lowcock បានបញ្ចេញថវិកាចំនួន៦លានដុល្លារ ពី CERF (UN Central Emergency Response Fund) របស់អង្គការសហប្រជាជាតិ ដើម្បីជួយដល់កំពង់ផែទីក្រុងបេរូត ដែលរងគ្រោះដោយសារការផ្ទុះដ៏ខ្លាំងនេះ។ រហូតមកដល់ពេលនេះ ជំនួយរបស់អង្គការសហប្រជាជាតិ បានកើនដល់១៥លានដុល្លារអាមេរិក សម្រាប់ជួយដល់វិបត្ដិនេះ។
អង្គការ OCHA របស់អង្គការសហប្រជាជាតិ បានថ្លែងថា អង្គការសហប្រជាជាតិ និងដៃគូ កំពុងធ្វើការបន្ទាន់ ដើម្បីបន្ដវាយតម្លៃ អំពីស្ថានការណ៍នេះ និង បញ្ជូនជំនួយបន្ទាន់ទៅកាន់ប្រទេសលីបង់។ ការផ្ទុះនេះឃ្លាំងស្ដុកអាមម៉ូនីញ៉ូមនីត្រាតនេះ បានធ្វើឲ្យមនុស្ស ៣សែននាក់ ក្នុងនោះកុមារ ៨០ ០០០នាក់ គ្មានជម្រក។ រហូតមកដល់ពេលនេះ យន្ដហោះដឹកស្បៀងអាហាររបស់ WFP ចំនួន៣លើក បានទៅដល់ទីក្រុងបេរូត ហើយជំនួយនឹងមកបន្តបន្ទាប់បន្ថែមទៀត។
អាជ្ញាធរលីបង់ បានឲ្យដឹងថា ការផ្ទុះដ៏មានកម្លាំងខ្លាំងនេះ បានកើតឡើង នៅកំពង់ផែសមុទ្រ នៃទីក្រុងបេរូត កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។ នៅទីតាំងដែលផ្ទុះនោះ មានស្ដុកអាមម៉ូនីញ៉ូមនីត្រា (Ammonium Nitrate) ទម្ងន់២៧៥០តោន ដែលគយរឹបអូសបាន កាលពីអំឡុង ឆ្នាំ២០១៤ ។ នៅក្នុងហេតុការណ៍នោះ បានសម្លាប់មនុស្សយ៉ាងតិច១៥៤នាក់ និងជាង៥០ ០០០នាក់រងរបួស ហើយមនុស្សរាប់សិបនាក់ កំពុងបាត់ខ្លួននៅឡើយ។ ក្រៅពីនេះ វាបណ្ដាលឲ្យមនុស្ស ប្រហែល៣០០ ០០០នាក់បាត់បង់ផ្ទះសម្បែងថែមទៀតផង៕