អាមេរិក ៖ យោងតាមចេញផ្សាយសារព័ត៌មាន BBC News ចុះផ្សាយថ្ងៃទី ០៣ ខែសីហារ ឆ្នាំ២០២០នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Microsoft បានបញ្ជាក់ថាខ្លួនកំពុងបន្តការពិភាក្សាដើម្បីទិញយកកម្មវិធីចែកចាយវីដេអូដែលគ្រប់គ្រងដោយជនជាតិចិនឈ្មោះ TikTok កំពុងប្រតិបត្តិការនៅសហរដ្ឋអាមេរិក។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា លោក Satya Nadella ប្រធានក្រុមហ៊ុន Microsoft បានធ្វើការសន្ទនាជាមួយលោកប្រធានាធិបតីដូណាល់ត្រាំអំពីការទិញយកកាលពីថ្ងៃអាទិត្យ។ ក្រុមហ៊ុន Microsoft បានសង្កត់ធ្ងន់ថា ខ្លួនរីករាយនិងទទួលយកនូវការយល់ព្រមដ៏មានសារៈសំខាន់ រួមចំណែកក្នុងការជួយដោះស្រាយកង្វល់របស់ប្រធានាធិបតី Trump ។ ក្រុមហ៊ុនបានបន្ថែមទៀតថា និងចាប់ការពិនិត្យសុវត្ថិភាពពេញលេញនៃកម្មវិធីនឹងត្រូវធ្វើឡើងក្នុងសហរដ្ឋអាមេរិកបន្ទាប់ពីស្ថិតគ្រប់គ្រងរបស់ខ្លួន ព្រមទាំងត្រូវផ្តល់ជូនរដ្ឋាភិបាលសហរដ្ឋអាមេរិកនូវបញ្ជីដ៏មានអត្ថប្រយោជន៍សេដ្ឋកិច្ចសមស្របដល់ប្រទេសនេះ។ ហើយក្រុមហ៊ុនបច្ចេកវិទ្យាសង្ឃឹមថានឹងបញ្ចប់ការពិភាក្សាជាមួយក្រុមហ៊ុនមេគឺ ByteDance របស់ TikTok ត្រឹមថ្ងៃទី ១៥ ខែកញ្ញាដើម្បីទទួលបានសិទ្ធពេញលេញយកទៅប្រើប្រាស់បន្ដផងដែរ។
តាមការបញ្ជាក់របស់ក្រុមហ៊ុន Microsoft បាននិយាយថាខ្លួនកំពុងចង់ទិញសេវាកម្ម TikTok នៅសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងនូវែលសេឡង់ជាមួយនឹងដំណើរការកម្មវិធីនៅលើទីផ្សារទាំងនេះ។
ក្រុមហ៊ុន Microsoft បានសង្កត់ធ្ងន់ថាខ្លួននឹងធានាថារាល់ទិន្នន័យឯកជនទាំងអស់របស់អ្នកប្រើប្រាស់នៅអាមេរិចរបស់ TikTok” ត្រូវបានផ្ទេរទៅនៅសហរដ្ឋអាមេរិកតែមួយគត់។ លើសពីនេះទៀតវានឹងធានាថាទិន្នន័យណាមួយដែលត្រូវបានរក្សាទុក ឬបម្រុងទុកនៅខាងក្រៅប្រទេសនឹងត្រូវបានលុបចេញពីម៉ាស៊ីនមេបន្ទាប់ពីវាត្រូវបានផ្ទេរទៅមជ្ឈមណ្ឌលទិន្នន័យរបស់សហរដ្ឋអាមេរិក។ ក្រុមហ៊ុន Microsoft ក៏បានកោតសរសើរចំពោះការចូលរួមផ្ទាល់ខ្លួនរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកប្រធានាធិបតី Trump ព្រោះវានៅតែបន្តអភិវឌ្ឍការការពារសន្តិសុខដ៏រឹងមាំសម្រាប់ប្រទេសនេះ” ។
យោងតាមរបាយការណ៍របស់កាសែត Wall Street Journal បានអោយដឹងថា កិច្ចចរចារការលក់កម្មវិធីដ៏មានសក្តានុពលនេះត្រូវបានគេមើលឃើញកើតឡើងបន្ទាប់ពីការព្រមានរបស់ប្រធានាធិបតីអាមេរិក និងលោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ប្រឆាំងនឹងកម្មវិធីដែលគ្រប់គ្រងដោយជនជាតិចិនដែលលោកជឿជាក់ថានឹងបង្កហានិភ័យដល់សន្តិសុខជាតិតាមរយៈការបញ្ជូនទិន្នន័យសម្ងាត់ទៅឲ្យបក្សកម្មនីស្ដចិន៕