ភ្នំពេញ៖ បុរសម្នាក់ពេលទៅចូលរួមកម្មវិធីមិត្តភក្តិ បានសប្បាយជល់កែវលើកដាច់សាច់ស្អាត រហូតស្រវឹងដាប ហើយបើករថយន្តរកកន្លែងម៉ាស្សា ដើម្បីឲ្យស្វាងបន្តិចមុនពេលបន្តដំណើរត្រឡប់ទៅផ្ទះ តែដឹងអី ! គ្រាន់តែមកដល់មុខហាងម៉ាស្សា ស្រាប់តែដេកលក់ក្នុងរថយន្តស្រមុកខុលបាត់ ហើយមានជនសង្ស័យពីរនាក់ជិះម៉ូតូចំនួន២គ្រឿងបានមកធ្វើសកម្មភាពបើកទ្វាររថយន្តរួចយកទូរស័ព្ទដៃចំនួន៣ គ្រឿងនិងកាបូប រួចជិះគេចខ្លួនបាត់ស្រមោល។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខហាងម៉ាស្សាមួយកន្លែងក្បែរនឹងអតីតប៉ុស្តិ៍ទឹកថ្លា តាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនកើតហេតុគេឃើញ ជនរងគ្រោះជិះរថយន្តហាយឡែនដឺរ មួយគ្រឿងពណ៌ទឹកប្រាក់ ធ្វើដំណើរទៅដៅពីជើងមកត្បូង។ លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់រថយន្ត រួចដេកលង់លក់យ៉ាងស្រួល រហូតដល់ម៉ោងកើតហេតុខាងលើ ក៏ឃើញមានជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមចំនួន២គ្រឿង មិនស្គាល់ស្លាកលេខ បានមកធ្វើសកម្មភាពបើកទ្វាររថយន្ត ហើយលួចយកកាបូបពណ៌ខ្មៅមួយ ខណៈនោះក៏មានអ្នកឃើញហេតុការណ៍ដែរ ព្រមទាំងស្រែកឲ្យគេជួយ តែត្រូវ ជនសង្ស័យបានស្រែកគំរាមឲ្យវិញ រួចជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។
ប្រភពបន្តថា ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានហៅជនរងគ្រោះឲ្យភ្ញាក់ឡើង រួចសួរនាំ ដោយជនរងគ្រោះបានប្រាប់ថា ទើបនឹងមកចេញពីកម្មវិធីមិត្តភក្តិនៅម្ដុំជ្រោយចង្វារ ហើយគោលបំណងមកចូលហាងម៉ាស្សា នៅចំណុចកន្លែងកើតហេតុខាងលើ ខណ:មិនទាន់បានចូលផង ស្រាប់តែដេកលក់បាត់ បន្ទាប់មកសមត្ថកិច្ចបានសួរជនរងគ្រោះថាមានបាត់អ្វីខ្លះដែរ រួចជនបានប្រាប់ថាបាត់ទូរស័ព្ទដៃ iphone 13 pro ចំនួន ៣ គ្រឿង និងកាបូបមួយ មានសម្ភារៈកាឡង់ជុំ នឹងចង្កូមខ្លា រួមនិងឯកសារមួយចំនួនទៀត។ជនរងគ្រោះ ត្រូវសមត្ថកិច្ចបាននាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ងាយស្រួលសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ជនសង្ស័យ ដើម្បីចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕