ភ្នំពេញ: ក្មេងស្រីអាយុ១ខួបកន្លះម្នាក់ បានទៅលេងទឹកធុង ហើយដាំក្បាលចូលក្នុងធុងជ័រដាក់ទឹកឈ្លក់ស្លាប់ ខណ:ពេលដែលម្តាយមិននៅផ្ទះ ទុកកូនចោលឲ្យរត់លេងបរិវេណផ្ទះ ។ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ទី១១ ខែវិឆ្ឆិកា ឆ្នាំ២០២១ នៅបន្ទប់ជួលក្នុងភូមិ ទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ក្មេងដែលឈ្លក់ទឹកធុងស្លាប់នេះឈ្មោះ ឆៃ លីជិន អាយុ១ខួបកន្លះ (១៨ខែ) មានឪពុកឈ្មោះ ឈន លី អាយុ៣៩ឆ្នាំ ជាជាងជួសជុលរថយន្ត និងម្តាយឈ្មោះ ឱក ស្រីមុំ អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលខាងលើ ។តាមស្រ្តីជាម្តាយបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃកើតហេតុ គាត់បានទុកកូននៅផ្ទះរត់លេង ជាមួយក្មេងក្បែរខាង ហើយគាត់បានធ្វើដំណើរទៅទិញម្ហូប ។ ពេលទិញរួចក៏ត្រឡប់មកផ្ទះវិញ ក៏បានទៅទិញតេឡេទូរទស្សន៍ទៀត ដោយភ្លេចកូន ។
តាមស្រ្តីរូបនោះ បានឲ្យដឹងទៀតថា ពេលត្រឡប់មកវិញ នៅវេលាម៉ោងប្រមាណ១១ព្រឹក ក៏បានដើររកកូនសួរក្មេងៗ និងអ្នកជិតខាងមិនឃើញ ក្រោយមកបានចូលទៅក្នុងបន្ទប់ទឹក ស្រាប់តែប្រទះឃើញ កូនដាំក្បាលធ្លាក់ចូលទៅក្នុងធុងជ័រដាក់ត្រងទឹក ក្នុងបន្ទប់ទឹកឈ្លក់ទឹកស្លាប់បាត់ទៅហើយ ។តាមព័ត៌មានឲ្យដឹងទៀតថា នៅវេលានោះបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ហើយស្រ្តីជាម្តាយ ស្លុតចិត្តពេកបានត្រឹមតែទ្រហោយំ អាលោះអាល័យ កូនស្រីជាទីស្រលាញ់របស់ខ្លួន ។បន្ទាប់ពីសមត្ថកិច្ចពិនិត្យរួច សពត្រូវបានក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យ និងបូជាតាមប្រពៃណី នៅវត្តទួលអស់លោក ហៅវត្តទួលសន្តិវ័ន ៕