បន្ទាយមានជ័យ៖ យ៉ាងហោចណាមានមនុស្សចំនួន ៦នាក់ ដែលជាពលករខ្មែរ បានស្លាប់ជាបន្តបន្ទាប់ ខណៈជាង ១០នាក់ទៀត បាននិងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយពីពួកគេបានយកទឹកអូអ៊ិឈិលាយជាមួយអាល់កុលលាយនឹងទឹកក្រូចផឹក នៅក្នុងមណ្ឌលចត្តាឡីស័កមួយកន្លែងនៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។យោងតាមការបញ្ជាក់ពី លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលចត្តាឡីស័កកូបធំ ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានពលករចំនួន ២២នាក់ បានកំពុងធ្វើចត្តាឡីស័ក ហើយពួកគាត់បានយកអាលកុលលាយជាមួយទឹកអូអ៊ិឈិ និងទឹកក្រូចនាំគ្នាផឹក ហើយភ្លាមៗនោះមានអាការៈមិនស្រួលខ្លួន និងបានស្លាប់នៅកន្លែងកើតហេតុចំនួន ៣នាក់ និង៣នាក់ទៀត បានស្លាប់ជាបន្តបន្ទាប់ក្រោយដឹកដល់មន្ទីរពេទ្យ។
យោងតាមការបញ្ជាក់ពីក្រុមមន្ត្រី ដែលកំពុងប្រចាំការនៅកន្លែងមណ្ឌលចត្តាឡីស័កខាងលើ បានឱ្យដឹងថា ពលករខ្មែរទាំង ២២នាក់នេះ ទើបវិលត្រឡប់មកពីប្រទេសថៃ ហើយបានឱ្យពួកគេសម្រាក់ធ្វើចត្តាឡីស័កនៅមណ្ឌលខាងលើ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ប៉ុន្តែដោយសារតែពួកគេស្រេកឃ្លានគ្រឿងស្រវឹងពេក ពួកគេបាននាំគ្នាយកអាល់កុលមកផឹក បន្ទាប់ពីអាជ្ញាធរ និងក្រុមគ្រួពេទ្យហាមមិនឱ្យពួកគេនាំយកស្រាចូលមណ្ឌលចត្តឡីស័ក។ទោះយ៉ាងណាក៏ដោយ ក្នុងចំណោមពលករខ្មែរទាំង២២នាក់នោះ មានចំនួន ៦នាក់ បានស្លាប់ រីឯអ្នកផ្សេងទៀតបាននិងកំពុងសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពក្រុងប៉ោយប៉ែត មណ្ឌលសុខភាពក្រុងសេរីសោភណ្ឌ និងខ្លះទៀតបានបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប៕