ភ្នំពេញ ៖ ប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ និងទីតាំងរាំងខ្ទប់ ជាង៨០០គ្រួសារ នៅព្រំប្រទល់ខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃ១៨ ខែមេសា ឆ្នាំ២០២១ ទទួលបានអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រួលទុក្ខលំបាក។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ឱ្យក្រុមការងារយកអំណោយ មនុស្សធម៌បន្ទាន់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋចំនួន៨២៧គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ និងរាំងខ្ទប់ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង បានលើកឡើងថា សម្ដេចទាំងទ្វេ បានយកចិត្តទុកដាក់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសប្រជាពលរដ្ឋដែលកំពុង សម្រាកធ្វើចត្តាឡីស័កតាមផ្ទះ តាមបន្ទប់ ក៏ដូចជាតាមមណ្ឌលផ្សេងៗ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភ សម្តេចតេជោ ដាច់ខាតមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់អាហារនោះឡើយ ។
សូមបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លា ដែលបានចែកជូននេះ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូ, មី១កេស, ត្រីខ២យួរ រួមទាំងថវិកា៣០០,០០០រៀល ផងដែរ ៕