ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានថ្លែងនៅក្នុងកិច្ចប្រជុំតាមរយៈ Video Conference ដោយបានណែនាំឱ្យម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលស្ថិតក្នុងភាពអនុគ្រោះឲ្យដំណើរការអាជីវកម្ម ពេលអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញរយៈពេល ១៤ថ្ងៃនេះ ត្រូវរៀបចំបញ្ជីឈ្មោះបុគ្គលិក កម្មករ កម្មការិនី របស់ខ្លួនទៅបញ្ជាក់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងនៅតាមខណ្ឌទាំង១៤ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ។
លោកអភិបាលបានថ្លែងប្រកាសដូចនេះដោយមានបញ្ហាស្មុគស្មាញមួយចំនួននៅតាមគោលដៅ ដែលកម្លាំងសមត្ថកិច្ច ដាក់កម្លាំងដើម្បីបិទខ្ទប់ ពិសេសលើការពិនិត្យឯកសារនៃការអនុញ្ញាតឱ្យចេញ-ចូល បង្កឱ្យមានការកកស្ទះចរាចរណ៍ជាអន្លើនោះ ទើបរដ្ឋបាលរាជធានីភ្នំពេញធ្វើការណែនាំឱ្យខណ្ឌទាំង១៤ ដើម្បីចេញលិខិតអនុញ្ញាតនេះ ។
លោកអភិបាលបានបន្តថា ដើម្បីធានាប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើដំណើរក្នុងភូមិសាស្រ្តរាជធានីភ្នំពេញក្នុងអំឡុងពេលបិទខ្ទប់ តាមរយៈសេចក្តីណែនាំថ្មីមួយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់អ្នកដែលត្រូវផ្តល់អាទិភាពធ្វើដំណើរ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
១- រៀបចំបញ្ជីឈ្មោះបុគ្គលិក កម្មករ-កម្មការិនីនៃទីតាំងអាជីវកម្មរបស់ខ្លួន ដោយត្រូវកាត់បន្ថយនូវចំនួន មកនៅត្រឹមកម្រិតអប្បបរមាមិនឱ្យលើសពី ២ភាគរយ នៃចំនួនបុគ្គលិក ឬកម្មករ-កម្មការិនីសរុប (ភ្ជាប់បញ្ជីឈ្មោះបុគ្គលិក និងកម្មករសរុប) និងត្រូវភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់ធានាអះអាងចំនួន ២ភាគរយ នៃបុគ្គលិក កម្មករ-កម្មការិនី ពីម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្មដ្ឋាន។
២- ត្រូវស្នើសុំទៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានីភ្នំពេញ ឬនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលខណ្ឌទាំង១៤ ពិសេសក្នុងមូលដ្ឋានខណ្ឌដែលទីតាំងអាជីវកម្មរបស់ខ្លួនតាំងនៅ ដើម្បីចេញលិខិតបញ្ជាក់អំពីការធ្វើដំណើរចេញចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជូនដល់ម្ចាស់អាជីវកម្ម និងបុគ្គលិក កម្មករ-កម្មការិនី ។
លើសពីនេះ លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ ពិសេសខណ្ឌ៣ដែលកំពុងចត្តាឡីស័ក ត្រូវកំណត់ទីតាំងឲ្យបានច្បាស់លាស់ចំពោះប្រជាពលរដ្ឋ កម្មករ កម្មការិនីដែលមានបញ្ហាប្រឈមជីវភាពខ្លាំង ដើម្បីយកអំណោយទៅចែកជូនពួកគាត់បានទាន់ពេលវេលាក្នុងគ្រាលំបាកនេះ ៕