ភ្នំពេញ ៖ បើយោងតាមការអះអាងរបស់នាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំនៃអគ្គនាយកដ្ឋានកសិកម្ម បានអោយដឹងថា បន្លែប៉េងប៉ោះមិនគ្រាន់តែជាដំណាំបន្លែដែលផ្តល់អាហារូបត្ថម្ភនិងប្រភពវីតាមីនស៊ី យ៉ាងល្អប្រសើរ សម្រាប់រាង្គកាយមនុស្ស។ ប៉ុន្តែថែមទាំងជាបន្លែដែលជាប្រភពផ្តល់ប្រាក់ចំណូលច្រើនដល់កសិករសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃថែមទៀតផង។ បន្លែដែលមានគុណប្រយោជន៍មួយនេះ កសិករនៅខេត្តកណ្តាល កំពង់ចាម បាត់ដំបង សៀមរាប និងខេត្តកំពត និយមដាំដុះយ៉ាងច្រើន ជាពិសេសនៅរដូវក្រោយពេលប្រមូលផលស្រូវ។
ទាក់ទងផលិតកម្ម ពូជគឺជាកត្តាសំខាន់ដំបូងដែលកសិករត្រូវគិតគូពិចារណាឲ្យបានល្អិតល្អន់ មុនសម្រេចចិត្តដាំបន្លែប៉េងប៉ោះ ហើយជាបច្ចេកទេស ការប្រើប្រាស់គ្រាប់ពូជបន្លែដែលមានគុណភាពល្អ មានលក្ខណៈធន់ទ្រាំទៅនឹងការបំផ្លាញពីសត្វល្អិត ជំងឺ និងអាកាសធាតុ រួមជាមួយការមើលថែរទាំឲ្យបានដិតដល់ គឺជាកត្តាសំខាន់ដែលធ្វើឱ្យកសិករទទួលបានទិន្នផលខ្ពស់ គុណភាពផលិតផលល្អ ស្របតាមតម្រូវការទីផ្សារ។ ផ្ទុយមកវិញ កន្លងមកយើងសង្កេតឃើញថាការ ពិសោធន៍ស្រាវជា្រវពូជបន្លែថ្មីៗដែលធន់នឹងសមាសភាពចង្រៃ និងសមស្របទៅនឹងលក្ខខណ្ឌដាំដុះតាមតំបន់ទាំងនោះនៅមានកម្រិតនៅឡើយ។ មួយវិញទៀត កសិករមួយចំនួនធំប្រើប្រាស់ពូជបន្លែប៉េងប៉ោះដែលនាំចូលពីប្រទេសជិតខាង ភាគច្រើនគឺជាពូជអ៊ីប្រ៊ីតដែលផ្តល់ទិន្នផលខ្ពស់ ប៉ុន្តែមិនអាចឱ្យកសិកររក្សាទុកពូជដើម្បីប្រើប្រាស់សម្រាប់វដ្តផលិតកម្មបន្ទាប់បានទេ ហើយត្រូវប្រើប្រាស់ជីច្រើនដើម្បីទទួលបានទិន្នផលខ្ពស់។
នាយកដ្ឋានបានបញ្ជាក់ថា ពូជបន្លែក្នុងស្រុក ឬពូជ OPV (Open Pollinated Variety) បានដើរតួនាទីយ៉ាងសំខាន់ក្នុងផលិតកម្មដំណាំបន្លែ ជាពិសេសចំពោះកសិករក្រីក្រ ឬកសិករខ្នាតតូចដែលដាំដុះសម្រាប់បរិភោគក្នុងគ្រួសារ ព្រោះពួកគាត់អាចរក្សាទុកពូជបន្លែសម្រាប់ដាំដុះនៅវដ្តផលិតកម្មបន្ទាប់។ ស្ថានីយពិសោធន៍ពូជបន្លែក្បាលកោះ បាននិងកំពុងពិសោធន៍ ស្រាវជ្រាវ និងបន្សុទ្ធពូជបន្លែមួយចំនួន ហើយបានបញ្ចេញឱ្យកសិករប្រើប្រាស់ជាបន្តបន្ទាប់។ ពូជទាំងនោះរួមមានពូជក្នុងស្រុក OPV និងពូជមានប្រភពមកពី AVRDC ដែលអាចរក្សាទុកពូជបាន ផ្តល់ទិន្នផលខ្ពស់ ធន់ទ្រាំនឹងលក្ខខណ្ឌអាកាសធាតុនៅកម្ពុជា។ ក្នុងចំណោមពូជទាំងនោះ មានពូជប៉េងប៉ោះចំនួន១៣ពូជ (KK1, KK2, KK3, KK4, KK5, KK6 KK7, KK8, KK9, SKK1, SKK2, SKK3, និង SKK4) ដែលត្រូវបានធ្វើពិសោធន៍ដើម្បីតាមដានទិន្នផល ពិសោធន៍ជម្រើសទិន្នផលបឋម ពិសោធន៍ប្រៀបធៀបទិន្នផល និងបន្សុំាលើចម្ការកសិករ ចាប់តាំងពីឆ្នាំ១៩៩៥។ ពូជខាងលើផ្តល់ទិន្នផលជាមធ្យមប្រមាណ ៥០-៦០តោន/ហ.ត លើកលែងតែពូជ KK1 (ពូជក្នុងស្រុក) ដែលផ្តល់ទិន្នផលជាមធ្យមប្រមាណ ៤០-៤៥ តោន/ហ.ត។
សូមបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្ម បានចែកគ្រាប់ពូជបន្លែចំនួន ៣១,៨៨ តោន ស្មើនឹង ៥២៤.៨៣៨កញ្ចប់ ជូនដល់កសិករចំនួន ១០៤.៤៧៨ គ្រួសារ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងក្នុងខេត្តគោលដៅចំនួន១៧ រួមមានបាត់ដំបង បន្ទាយមានជ័យ ក្រចេះ ពោធិ៍សាត់ ឧត្តរមានជ័យ សៀមរាប ព្រះវិហារ ព្រៃវែង តាកែវ កណ្តាល ស្ទឹងត្រែង ប៉ៃលិន កំពត កំពង់ឆ្នាំង កំពង់ធំ ស្វាយរៀង និងខេត្តកំពង់ស្ពឺ៕