ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីនគរបាលបានស្លាប់យ៉ាងអាណោចអាធ័មខណៈកំពុងជិះម៉ូតូត្រូវបានរថយន្តបែនដឹកខ្សាច់បេីកបុកពីក្រោយពេញទំហឹង កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលេីកំណាត់ផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពរងគ្រោះមានឈ្មោះស្រេង សំណាង ភេទប្រុសអាយុ៥៣ឆ្នាំ មុខរបរជាមន្ត្រីនគរបាលមានឋានន្តរសក្តិអនុសេនីយ៍ឯក ជានាយរងផ្នែកថែរក្សា មានស្រុកកំណេីតនៅស្រុកលេីកដែក ខេត្តកណ្តាល។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកFino ពណ៌ផ្កាឈូក លាយស ពាក់ស្លាកលេខភ្នំពេញ1S 6793 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តបែនដឹកខ្សាច់ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខត្បូងឃ្មុំ 3A 0858 ធ្វេីដំណេីរក្នុងល្បឿនលឿនមកពីក្រោយហេីយជ្រុលចង្កូតបុកពេញទំហឹងបណ្តាលឱ្យជនរងគ្រោះដួលបោកទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុតែម្តង។ ភ្លាមនោះរថយន្តបង្កបានបេីកទៅមុខបានប្រហែល១៥០ម៉ែត្រក៏ឈប់រថយន្តហេីយចុះគេចខ្លួនបាត់ទៅ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំដោះស្រាយពេក្រោយ ចំណែកសពត្រូវបានប្រគល់ជូនបងប្អូនយកទៅធ្វេីបុណ្យតាមប្រពៃណី៕