ខេត្តប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:ឣភិបាលខេត្ត និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារ និងអាជ្ញាមូលដ្ឋាន ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជន ចំនួន៨០គ្រួសារ មកពីឃុំទាំង ០៤ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកជំទាវអភិបាលខេត្តប៉ៃលិន មានប្រសាសន៍បញ្ជាក់ថា៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាជនកម្ពុជាគ្រប់រូប បានចងចាំនូវពលីកម្មដ៏ធំធេង និងមិនអាចកាត់ថ្លៃបានចំពោះយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិទាំងឡាយ ដែលបានធ្វើពលីកម្មបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជននៅគ្រប់ដំណាក់កាល ព្រោះប្រទេសកម្ពុជាបានឆ្លងកាត់នូវសង្គ្រាម និងរបបប្រល័យពូជសាសន៍ដែលបានបំផ្លិចបំផ្លាញសង្គមជាតិខ្ទេចខ្ទីដល់ឬសគល់ ព្រមទាំងបានបន្សល់ទុកនូវអតីតយុទ្ធជន ដែលជាជនពិការ និវត្តន៍ជន ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជនពលី មរណៈជាច្រើន ហើយចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មក រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ជានិច្ចជាកាលបានគិតគូដល់សុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍមូលដ្ឋាន សម្ភារៈ ជីវភាព ការចុះសួរសុខទុក្ខដល់អង្គភាពផងដែរ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើរដល់បងប្អូនអតីតយុទ្ធជនកម្ពុជាទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួនអោយបានល្អ ហើយបើសិនមានអាការៈមិនស្រួល ឬសង្ស័យថាខ្លួនកើតជំងឺដម្កាត់ផ្សេងៗ ត្រូវយកប័ណ្ណ ប.ស.ស ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកខេត្ត ដែលនៅជិត ដើម្បីធ្វើការពិនិត្យ និងព្យាបាលជម្ងឺ ឱ្យបានទាន់ពេលវេលា ដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា៖ បច្ចុប្បន្នអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន មានចំនួនសរុប ១៣៧៩ នាក់ ក្នុងនោះពិការ ចំនួន ៨១៧នាក់ និវត្តន៍ជន ចំនួន ៣៧១នាក់ បាត់បង់ ចំនួន ១៥នាក់ ពលី ១៤០នាក់ មរណៈចំនួន ៣៦នាក់ ក្នុងនោះមុខសញ្ញាដែលគ្មានដី គ្មានផ្ទះ និងរស់នៅលើដីសាធារណៈសរុប ៣៦គ្រួសារ៕