ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពនារីម្នាក់ដេកស្លាប់ក្នុងដីឡូត៍មួយកន្លែងទាំងអាក្រាតកាយនិងសភាពហើមស្អុយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងដីឡូត៍មួយកន្លែងក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។
សាកសពនារីខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ដោយសាកសពមានសភាពអាក្រាតកាយនិងហើមធំក្លិនស្អុយទៅហើយ។យោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដីឡូមួយកន្លែងខាងលើនេះម្ចាស់បានចាក់ទ្វាររបងទុកចោលហើយជារៀងរាល់ដងគេតែងតែឃើញក្រុមអ្នកជល់មាន់នាំគ្នាលួចផ្លោះរបងចូលទៅជល់មាន់ម្ដងម្កាល តែមិនបានប្រទះឃើញសពនារីខាងលើនៅក្នុងដីឡូត៍នេះទេ ទើបដល់ម៉ោងកេីតហេតុក៏មានរថយន្តដឹកកម្មករចូលទៅដឹកអុសក៏ធំក្លិនស្អុយៗរួចក៏ដើរចូលទៅក្បែរក៏ប្រទះឃើញនារីខាងលើដេកស្លាប់ទាំងអាក្រាតកាយហើយក៏បានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានតែម្ដង ។
ក្រោយពេលសមត្ថកិច្ចមូលដ្ឋានទទួលបានព័ត៍មានថាមានមនុស្សស្លាប់ ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលស្ទឹងមានជ័យទី៣សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ រួមនិងកម្លាំងជំនាញកោសល្យវិច័យស្នងការនគរបាលរាជធានីភ្នំពេញបានចុះទៅធ្វើការហ៊ុព័ទ្ធនៅជុំវិញកន្លែងកើតនិងធ្វើការពិនិត្យសាកសព ។ ក្រោយពេលពិនិត្យសាកសពរួចសមត្ថកិច្ចជំនាញមិនបានបញ្ជាក់ប្រាប់ថាសពនារីខាងលើនេះស្លាប់ដោយសារមូលហេតុអ្វីពិតប្រាកដនោះទេដោយសមត្ថកិច្ចរួសរាន់ដឹកសពចេញពីកន្លែងកើតយកទៅតម្កល់ទុកនៅវត្តសំបួរមាសដើម្បីធ្វើការស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
បើតាមការបញ្ជាក់ពីលោក ហ៊ីង សាម៉ន ដែលជាមេភូមិទ្រា៤បានប្រាប់អ្នកសារព័ត៍មានថា សាកសពខាងលើជាមនុស្សស្រីវ័យប្រហែល២៨ឆ្នាំ សាកសពមានសភាពហើមស្អុយនិងអាក្រាតកាយ សង្ស័យជាករណីរំលោភហើយដឹកសាកសពយកមកទម្លាក់ចោលនៅក្នុងដីឡូត៍ខាងលើនេះតែមិនមែនជាអ្នកភូមិនេះនោះទេ ៕ ដោយ៖ ផេងភាព