រាជធានីភ្នំពេញ៖ កាលពីពេលកន្លងមក តែងតែឮគេនិយាយតៗគ្នាមកថា ខ្មែរអ៊ិស្លាមរៀបការកូនក្រមុំ កូនកំលោះ ធ្វើតែតាមប្រពៃណីរបស់ខ្លួន មិនដែលដាក់ចង្ហាន់ ឬនិមន្ដព្រះសង្ឃទៅឆាន់ចង្ហាន់ដល់ផ្ទះនោះឡើយ ប៉ុន្ដែពេលនេះ ស្រាប់តែមានរូបភាពជាច្រើនសន្លឹក ត្រូវបានគេបង្ហោះ ហើយស៊ែរតគ្នាព្រោងព្រាត អំពីការរៀបចំមង្គលការកូនក្រមុំ កូនកំលោះរបស់បងប្អូនអ៊ិស្លាម ដែលបាននិមន្ដព្រះសង្ឃទៅឆាន់ចង្ហាន់ដល់ផ្ទះរៀបចំមង្គលការ។
បើតាមទំព័របណ្ដាញសង្គមហ្វេសប៊ុក «កុំបន្ទោសវាសនា កុំតវ៉ានឹងអាចារ្យវត្ដ ប្រជុំព្រះធម៌អប់រំចិត្ត» កាលពីរសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ បានបង្ហោះរូបភាព នៃអាពាហ៍ពិពាហ៍កូនកំលោះ កូនក្រមុំបងប្អូនអ៊ិស្លាម ដែលបាននិមន្ដព្រះសង្ឃ មកឆាន់ចង្ហាន់ និងប្រោះព្រំលើករាសី សុំសិរីសួស្ដីដល់ជីវិតអាពាហ៍ពិពាហ៍ថ្មីរបស់ពួកគេ។
ជាការពិតណាស់ គ្រប់សាសនាទាំងអស់ មិនថា សាសនាណា ជាសាសនាណានោះទេ តែងមានគោលការណ៍ ឬមាគ៌ាដ៏ល្អ សម្រាប់តម្រង់ផ្លូវមនុស្សឲ្យដើរទៅរកផ្លូវ នៃសេចក្ដីសុខចម្រើន។ ប៉ុន្ដែផ្ទុយទៅវិញ មានតែមនុស្សទេ ដែលមានការប្រកាន់មាំ មានអស្មិមានះ ឬការប្រកាន់ជ្រុល ហើយយកសាសនាមកជាខែល ទើបនាំឲ្យមានការប្រកាន់មាំ រឹងរូស រហូតធ្វើអំពើបាបផ្សេងៗ ដែលគ្រប់សាសនាទាំងអស់ ហាមឃាត់។
បើតាមទិដ្ឋភាព នៃពិធិមង្គលការនោះ ពិតជាគួរឲ្យសរសើរខ្លាំងណាស់ ហើយម្ចាស់ដើមការនោះទៀតសោត ពិតជាមនុស្សមានចិត្តទូលំទូលាយ មានការពិចារណាត្រឹមត្រូវ ដែលខ្លួនកាន់សាសនាអ៊ិស្លាម ហើយនិមន្តព្រះសង្ឃព្រះពុទ្ធសាសនាទៅចូលរួមឲ្យពរជ័យ សិរីមង្គលដល់ខ្លួនបែបនេះ។
ទោះជាយ៉ាងណា សារព័ត៌មានរបស់យើងខ្ញុំ មិនបានដឹងច្បាស់ថា ពិធីនោះបានធ្វើ នៅភូមិ ឃុំ ស្រុកខេត្ត ណា កាលពីពេលណានោះដែរ។ ប៉ុន្ដែសារព័ត៌មានរបស់យើងខ្ញុំ គ្រាន់តែលើកយកមកចុះផ្សាយ អំពីសកម្មភាពដ៏ល្អរបស់ពួកគាត់ ដែលអាចធ្វើជាគំរូបាន។ រាល់ទង្វើល្អ គឺត្រូវតែយកមកទុកក្នុងខ្លួន ប៉ុន្ដែគ្រប់សកម្មភាពដ៏អាក្រក់ មនុស្សត្រូវតែបោះបង់ចោល៕