មនុស្សយើងម្នាក់ៗ កើតមកចាប់កំណើតនៅលើភពផែនដីមួយនេះ សុទ្ធតែមានភ័ព្វវាសនាជីវិតផ្សេងៗមិនដូចគ្នាឡើយ ដោយហេតុថា អ្នកខ្លះរកស៊ីកាក់កប រស់នៅក្នុងជីវភាពធូរធារ រហូតដល់វ័យចាស់ រស់នៅលើគំនរមាសប្រាក់កែវកងយ៉ាងមានក្ដីសុខ ខណៈអ្នកខ្លះទៀត ឈានដល់វ័យចាស់ទៅហើយ បែរពុំមានភ័ព្វបានសោយសុខនឹងគេ រស់នៅរសាត់អណ្ដែត គួរឱ្យស្រណោះបំផុត។នេះដូចទៅនឹងរឿងរ៉ាវរបស់លោកគ្រូមួយរូប ដែលមហាជនកំពុងផ្ទុះការចាប់អារម្មណ៍នាពេលថ្មីៗនេះ ដែលលោកមានឈ្មោះថា អាង ហួត ធ្លាប់ជាគ្រូបង្រៀនភាសាបារាំង បង្រៀននៅវិទ្យាល័យទួលទំពូងខណៈលោកគ្រូគឺជាកំលោះចាស់ ពុំមានគ្រួសារទីជម្រកកក់ក្ដៅនោះឡើយ ហើយតែងតែជិះកង់ទៅបង្រៀនតាំងពីដើម រហូតមកដល់ពេលនេះ លោកគ្រូវ័យចំណាស់ ធ្លាក់ខ្លួនគេងតាមទីសាធារណៈ គួរឱ្យអាសូរបែបនេះ។
បើតាមការបង្ហោះពីគណនីមួយ ណន ម៉ារ៉ាឌី បានរៀបរាប់ថា ៖ «វាសនាគ្រូនៅចុងបញ្ជប់នៃជីវិត! លោកគ្រូអាង ហួត កំលោះចាស់ គាត់ជាគ្រូភាសាបារាំងបង្រៀននៅវិទ្យាល័យទួលទំពូងជាមួយខ្ញុំ មួយជីវិតគាត់ជិះតែកង់មកបង្រៀនប៉ុណ្ណោះ»។យ៉ាងណាមិញ តាមរយៈសកម្មភាពមួយនេះ បានធ្វើឱ្យមហាជននាំគ្នារំជួលចិត្ត និង អាណិតស្រណោះជាខ្លាំង ខណៈកូនសិស្សរបស់លោក ដែលបានស្គាល់លោកគ្រូ បានស្ម័គ្រចិត្តនាំគ្នាចង់រៃអង្គាសជាថវិកាជូនទៅដល់លោកគ្រូវ័យចំណាស់រូបនេះ គ្រាន់បានផ្គត់ផ្គង់ក្រពះ បន្តដំណើរជីវិតទៅមុខទៀត ខណៈពេលនេះ លោកគ្រូមានវ័យកាន់តែចាស់ និង ស្នាក់នៅម្ដុំផ្សារឌុយម៉ិច៕