បាត់ដំបងៈ ប្រភពព័ត៌ពីតំបន់ព្រំដែន បានឲ្យដឹងថា ករណីដ៏កម្រនេះ បានកើតឡើង នៅវេលារំលងអធ្រាត្រ ថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០២១ ត្រង់កំណាត់ផ្លូវណងខ្លាំ ក្នុងភូមិសាស្ត្រភូមិ១ ឃុំខៅកែវ ស្រុកថាម៉ៃ ខេត្តច័ន្ទបុរី ប្រទេសថៃ ឈមនឹងស្រុកកំរៀង ខេត្តបាត់ដំបង។
មកទល់ព្រលប់ថ្ងៃទី៩ ខែវិច្ឆកា នេះ នៅមិនទាន់មានប្រភពផ្លូវការ ណាមួយ បញ្ជាក់ពីសាវតា ជនរងគ្រោះ ឲ្យបានច្បាស់នៅឡើយទេ ប៉ុន្តែតាមភិនភាគ ជនរងគ្រោះ ជាយុវជនមានអាយុ ប្រមាណជា ២២ ឆ្នាំ។ នៅក្បែរសាកសព គេឃើញមានម៉ូតូ ១គ្រឿង ជារបស់ជនរងគ្រោះ ហើយមានស្លាកស្នាម បុកត្រូវផ្នែកខាងមុខខ្ទេច ដែលសមត្ថកិច្ចថៃ សន្និដ្ឋានថា អាចដោយ សារស្ថានភាព ផ្លូវងងឹត ធ្វើអោយយុវជនរងគ្រោះ ជិះម៉ូតូបុកសត្វដំរី ទើបសត្វដំរី តាមជាន់ រហូតដល់ស្លាប់ ម្យ៉ាងទៀត នៅក្បែទីតាំងកើតហេតុ ក៏មានស្នាមដានជើងដំរី ចេញពីព្រៃ មករកសុីផ្លែម្នាស់ របស់ប្រជាពលរដ្ឋ បានដាំ ក្នុងចម្ការក្បែរនោះផងដែរ។
ករណីដូចគ្នា រយៈពេលមួយសប្តាហ៍ ចុងក្រោយនេះ សត្វដំរីព្រៃ ដែលនៅលើទឹកដីថៃ បានចេញមកជាន់ព្រេច សម្លាប់មនុស្សសរុប ចំនួន ២ នាក់ហើយ ដែលគេដាក់ការសង្ស័យថា ជាពលករខ្មែរ ទៅធ្វើការងារចម្ការ នៅប្រទេសថៃ។ជុំវិញហេតុការណ៍នេះ លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានប្រាប់ថា លោកនៅមិនទាន់ទទួលបាន ព័ត៌មានខាងលើនេះនៅឡើយទេ លោកនឹងស្រាវជ្រាវ ទាក់ទងទៅភាគីពាក់ព័ន្ធ៕