ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យរួចហើយ នៅព្រឹកថ្ងៃច័ន្ទទី៥ ខែមេសា ឆ្នាំ២០២១។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ ឈ្មោះ ភឹង ឌី អាយុ៣៨ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ពាក់ស្លាកលេខ សៀមរាប 1D-8775 នៅចំណុចមុខធនាគារអេស៊ីលីដា ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់.ក្រុងប៉ោយប៉ែត ក្នុងខណ:ពេលរូបខ្លួនបានជួបគ្រោះថ្នាក់ចរាចរ នៅថ្ងៃ០១.០៤.២០២១ វេលាម៉ោង០១និង១០នាទីយប់ ។
រាជអាវុធហត្ថ ក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី០៣.០៤.២០២១ ទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ វ៉ាន់ វុធ អាយុ២៩ឆ្នាំ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតដើម្បីធ្វើការសាកសួរចម្លើយ។
ក្រោយពីសាកសួរចម្លើយរួច ជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០១និង១០នាទីយប់ មានគ្រោះថ្នាក់ចរាចរមួយនៅមុខធនាគារអេស៊ីលីដា ក្នុងក្រុងប៉ោយប៉ែត ហើយរូបគេបានក្លែងបន្លំជាបងប្អូនជនរងគ្រោះ ដោយលើកបុរសជាជនរងគ្រោះ ដាក់លើម៉ូតូកង់៣ដើម្បីដឹកយកទៅមន្ទីរពេទ្យ បន្ទាប់មករូបគេក៏យកម៉ូតូ និងទូរស័ព្ទដៃរបស់ជនរងគ្រោះធ្វើជាជិះតាមពីក្រោយ ពេលជិះបានបន្តិចក៏គេចខ្លួន ហើយយកម៉ូតូនោះ ទៅបញ្ចាំជាមួយសន្តិសុខម្នាក់ដែលនៅយាមក្លឹបកំសាន្តថាច់ដោនបានប្រាក់ថៃចំនួន៧,០០០បាត(ប្រាំពីរពាន់បាត)។
ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ ព្រមទាំងរកឃើញវត្ថុតាងផងនោះ កម្លាំងនាញព្រហ្មទណ្ឌកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកំពុងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យចាត់ការបន្ត ចំណែកម៉ូតូដែលដកហូតបានត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតប្រគល់ឱ្យម្ចាស់ដើមវិញហើយ៕