ភ្នំពេញៈ ការចាប់ខ្លួនពួកគេទាំងបីនាក់ បានធ្វើឡើងដោយកម្លាំងអាវុធហត្ថស្រុកបរវេលខេត្តបាត់ដំបងសហការជាមួយ កម្លាំងអាវុធហត្ថស្រុកមង្គលបូរី កាលពីថ្ងៃទីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២។មនុស្សចំនួនបីនាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនពាក់ព័ន្ធករណីដឹកជញ្ជូន សព្វាវុធដោយខុសច្បាប់ឆ្លងដែនទៅថៃ នៅត្រង់ចំណុចរង្វង់មូលយាយជីច្រូតស្រូវ ស្ថិតក្នុងភូមិឬស្សីក្រោកឃុំឬស្សីក្រោក ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។ករណីនេះសមត្ថកិច្ចជំនាញកំពុងតែបន្តស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
នៅល្ងាចថ្ងៃទី៣ខែឧសភា ឆ្នំា២០២២នេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើ ផ្ទៃប្រទេសបានមានប្រសាសន៍ប្រាប់ថា“ចំពោះករណីនេះប្រតិបត្តិការមិនទាន់ចប់ នៅឡើយទេ។ ដំណើររឿងហេតុដំបូងគឺចេញមកពីការត្រួតពិនិត្យការឆ្លងដែនរបស់សមត្ថកិច្ចថៃដោយសមត្ថកិច្ចថៃបានត្រួត ពិនិត្យមើលទៅនៅក្នុងកេសមួយមានបង់កាំភ្លើង និងបានចាប់យកវត្ថុតាងស្រាវជ្រាវនៅខាងភាគីថៃ ហើយក៏បានសហការជាមួយខាងអាវុធហត្ថ ដោយបានបញ្ជូនព័ត៌មានមកយើងថា គាត់បានរកឃើញបង់កាំភ្លើងដែលដាក់នៅខាងក្នុងកេសឆ្លងដែនពីកម្ពុជាទៅកាន់ប្រទេសថៃ។ កងរាជអាវុធហត្ថក៏បានធ្វើការស្រាវជ្រាវក៏បានរកឃើញមានកាំភ្លើង មានគ្រាប់បែក គ្រាប់កាំភ្លើង …. ”។
លោកនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ទៀតថា “ជំហានដំបូងរឿងនេះ គឺជារឿងពិតហើយ គឺមានការជួញដូរកាំភ្លើង គ្រាប់ ហើយត្រូវបានរកឃើញដោយកងរាជអាវុធហត្ថពិតប្រាកដមែននៅខេត្តបាត់ដំបង”។សូមជម្រាបថា កាលពីរសៀលថ្ងៃទី០២ ខែឧសភាកន្លង កម្លាំងអាវុធហត្ថស្រុកបវេល ខេត្តបាត់ដំបង សហការជាមួយកម្លាំងអាវុធហត្ថស្រុកមង្គលបូរី បានសហការចុះស្រាវជ្រាវករណីរក្សាទុក និងដឹកជញ្ជូនសព្វាវុធដោយខុសច្បាប់ រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនបីនាក់នៅត្រង់ចំណុចរង្វង់មូលយាយជីច្រូតស្រូវ ស្ថិតក្នុងភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី និងដោយមានការសម្របសម្រួលនិតិវិធី ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងអាវុធហត្ថបានឈានទៅដល់ធ្វើការឆែកឆេរលំនៅដ្ឋានអ៊ំរបស់ជនសង្ស័យដែលនៅក្បែរផ្ទះជនសង្ស័យ (ផ្ទះទុកទំនេរម្ចាស់ទៅរកស៊ីនៅប្រទេសថៃ) រកឃើញគ្រាប់កាំភ្លើងជាច្រើនគ្រាប់ គ្រាប់បែកដៃប្រមាណជា ៥០គ្រាប់ និងកាំភ្លើងខ្លី រួមទាំងវត្ថុតាងមួយចំនួនទៀត៕