ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយនារីវ័យក្មេងស្រស់ស្អាតម្នាក់ ជានិស្សិតឆ្នាំទី៣ បានលោតទម្លាក់ខ្លួនពីលើផ្ទះជាន់ទី ២ ធ្លាក់ចុះមកក្រោម បោកក្បាលហូរឈាម របួសធ្ងន់ធ្ងរ ត្រូវបានអ្នកជិតខាង តេទូរសព្ទហៅរថយន្តសាមុយ មកដឹកយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃភ្លាមៗ កាលពីវេលាម៉ោង ៤និង ៣៩នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្ទះល្វែងមួយកន្លែង ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេមិនបានដឹងថា នារីខាងលើមានបញ្ហាអ្វីនោះទេ គ្រាន់តែដឹងថា នៅពេលកើតហេតុនោះ គឺបានលឺសូរសំឡេងផាំង លុះចេញមកមើល ឃើញជនរងគ្រោះដេកផ្កាប់មុខ បោកក្បាលនឹងផ្លូវហូរឈាម កន្ត្រាក់ដៃ កន្ត្រាក់ជើងបាត់ទៅហើយ ។ ក្នុងនោះ ប្រភពផ្សេងទៀតបានបញ្ជាក់ថា គេបានជនរងគ្រោះ ដែលមានអាយុប្រមាណជា២០ឆ្នាំជាង ឈ្មោះ ចាន់រី ជានិស្សិតឆ្នាំទី៣ ពាក់អាវផ្កាឈូក ស្លៀកខោខ្មៅ រូបនេះ បានលោតពីលើផ្ទះជាន់ទី២មក ទើបមកបោកនឹងសំយ៉ាបផ្ទះ រួចធ្លាក់មកលើដីបោកក្បាលរតែម្តង ហើយផ្ទះនេះជាផ្ទះបងរបស់គាត់ និងស្នាក់នៅជាមួយមិត្តភក្តិស្រី ៤នាក់ទៀត ។ភ្លាមៗគេក៏ឃើញមានសមត្ថកិច្ចខណ្ឌសែនសុខ ក៏ដូចជាកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ ក៏បានចុះមកដល់ទីតាំងកើតហេតុផងដែរ ដើម្បីស្រាវជ្រាវ ថាតើពិតជាករណីលោតទម្លាក់ខ្លួនដោយខ្លួនឯង ឬក៏ជាករណីអ្វីផ្សេង ៕