ភ្នំពេញ ៖ ជនសង្ស័យម្នាក់សង្ស័យប្រេីប្រាស់គ្រឿងញៀនដល់កម្រិត បានលួចឡើងទៅលើផ្ទះប្រជាពលរដ្ឋ ខណៈដែលម្ចាស់ផ្ទះត្រឡប់មកផ្ទះវិញឃើញជនសង្ស័យនៅលើផ្ទះរបស់ខ្លួនក៏បានស្រែកថាចោរៗ ទើបធ្វើឱ្យជនសង្ស័យភ័យរត់ឡើងលើដំបូលផ្ទះ រួចហើយលោតចុះមកវិញចូលក្នុងឃ្លាំងមួយកន្លែង យកកាំបិតទៅកាប់ស្ត្រីម្នាក់ដែលកំពុងដេក តែមិនសម្រេចឡើយ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៨:៤៥នាទីព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០២២នេះ នៅចំណុចឃ្លាំងមួយកន្លែងស្ថិតនៅផ្ទះលេខ៥៥៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់សង្ស័យប្រេីប្រាស់គ្រឿងញៀនដល់កម្រិតបាត់ម្ចាស់ការគ្រប់គ្រងខ្លួនឯងលែងបានៗឡេីងទៅសំងំលេីផ្ទះប្រជាពលរដ្ឋ ហើយត្រូវបានម្ចាស់ផ្ទះក្រឡេកឃេីញស្រែកថាចោរៗ ធ្វេីឱ្យជនសង្ស័យភ័យស្លន់ស្លោស្ទុះរត់ឡេីងទៅលេីដំបូលផ្ទះរួចលោតពីផ្ទះមួយទៅផ្ទះមួយទៀតបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាឡោមព័ទ្ធជនសង្ស័យ។ ខណៈនោះជនសង្ស័យបានលោតចុះមកក្រោមវិញ ហើយរត់ចូលក្នុងឃ្លាំងមួយកន្លែងយកបានកាំបិតចំនួន២កាន់នៅដៃ។លុះពេលក្រឡេកឃេីញស្ត្រីម្នាក់កំពុងដេកជាមួយកូនក្នុងបន្ទប់ស្នាក់នៅក្នងឃ្លាំងនោះជនសង្ស័យក៏រត់ចូលទៅប៉ុនប៉ងកាប់ស្ត្រីម្នាក់នោះតែត្រូវបានអ្នកជិតខាងចូលទៅជួយទាន់ពេលវេលាបណ្តាលឱ្យត្រូវតែជេីងបន្តិចបន្តួចប៉ុណ្ណោះរីឯជនសង្ស័យត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគលឱ្យកម្លាំងសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធីច្បាប់។
បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕